(ប៉េកាំង)៖ អាជ្ញាធរអវកាសនៃប្រទេសចិន បានប្រកាសថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិកក្រុមថ្មីមួយទៀត ទៅកាន់ស្ថានីយអវកាស Tiangong របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

បេសកកម្ម Shenzhou-18 ដែលផ្ទុកអវកាសយានិក៣នាក់ ត្រូវបានកំណត់ថា នឹងចេញដំណើរនៅម៉ោង៨៖៥៩នាទីយប់ថ្ងៃព្រហស្បតិ៍ នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ភាគពាយព្យប្រទេសចិន។ បេសកកម្មនោះ នឹងដឹកនាំដោយលោក Ye Guangfu ដែលជាអ្នកបើកយន្តហោះចម្បាំង និងជាអវកាសយានិកមួយរូប ដែលកន្លងមកធ្លាប់ស្ថិតក្នុងចំណោមក្រុមអវកាសយានិក នៃបេសកកម្ម Shenzhou-13 កាលពីឆ្នាំ២០២១។

ស្ថានីយអវកាស Tiangong គឺជាសមិទ្ធផលអស្ចារ្យបំផុត នៅក្នុងកម្មវិធីអវកាសរបស់ទីក្រុងប៉េកាំង។ ចាប់តាំងពីការសាងសង់រួចមក ស្ថានីយអវកាសនេះ បានទទួលអវកាសយានិកចិនស្នាក់នៅជាប់ជាប្រចាំឥតដាច់ ក្នុងលក្ខណៈផ្លាស់វេនរៀងរាល់៦ខែ ដោយមួយលើកៗ អវកាសយានិក១ក្រុម មានគ្នា៣នាក់។ ក្រុមអវកាសយានិកថ្មីខាងលើ នឹងត្រូវជំនួសក្រុមអវកាសយានិក នៃបេសកកម្ម Shenzhou-17 ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ កាលពីខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្រៅពីកសាងស្ថានីយអវកាសផ្ទាល់ខ្លួន ចិនក៏បានទទួលជោគជ័យ ក្នុងការនាំយកយានរ៉ូបូតទៅដាក់នៅលើផ្ទៃព្រះចន្ទ និង​ភពអង្គារ (Mras) ផងដែរ។ ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោកមួយនេះ បានខិតខំវិនិយោគរាប់ពាន់លានដុល្លារ ​ទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន ដើម្បីប្រឹងប្រែងដើរឱ្យទាន់ សហរដ្ឋអាមេរិកនិងរុស្ស៉ី ដែលបានប្រឡូកក្នុងវិស័យនេះ រាប់ទសវត្សរ៍មកហើយ។ ទីក្រុងប៉េកាំងមានមហិច្ឆតាបញ្ជូនក្រុមអវកាសយានិក ទៅកាន់ផ្ទះព្រះចន្ទឱ្យបាន នៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងសាងសង់មូលដ្ឋានមួយ នៅទីនោះថែមទៀត៕