(គៀវ)៖ អ៊ុយក្រែនបានបញ្ជូនកម្លាំងទ័ព និងសម្ភារៈសឹកប្រយុទ្ធថ្មីៗទៅកាន់តំបន់ Kharkiv ដែលរុស្ស៊ី បានបើកការវាយលុកតាំងពីថ្ងៃសុក្រសប្តាហ៍មុននោះមក។ រុស្ស៊ីត្រូវគេរាយការណ៍ថាបាន បញ្ជួនកម្លាំងទាហាន៥ម៉ឺននាក់ ដើម្បីការវាយលុកចូលមកក្នុងខេត្តរបស់អ៊ុយក្រែន និងយ៉ាង ហោចកម្លាំងបីម៉ឺននាក់ កំពុងតែបើកប្រតិបត្តិការវាយប្រហារដាក់មកលើខេត្ត Kharkiv ហើយ នាពេលនេះ។ តើអ៊ុយក្រែនដែលកំពុងខ្វះកម្លាំងទាហាន អាចទប់ទល់បានដែរឬទេ?

ការវាយប្រហារទប់ទល់របស់អ៊ុយក្រែននៅចំពោះមុខការវាយលុកលើសមរភូមិថ្មី ក្នុងខេត្តខាគីវ បានបន្តថែមទៀត ខណៈសេចក្តីរាយការណ៍បាននិយាយថា រុស្ស៊ីបានចូលគ្រប់គ្រង ភូមិយ៉ាងហោចចំនួន៩ហើយ ក្នុងការវាយលុកចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុននោះមក។ ប្រធានក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែនលោក Oleksandr Lytvynenko បានថ្លែងឱ្យដឹងថារដ្ឋាភិ បាលក្រុងមូស្គូបានបញ្ជួនទាហានច្រើនដល់រាប់ម៉ឺននាក់ ក្នុងការចូលលុកលុយវាយប្រហារ ដាក់មកលើខេត្តខាគីវ។

លោក Oleksandr Lytvynenko បានប្រាប់ទូរទស្សន៍ ABC News របស់អាមេរិកថារុស្ស៊ីជាមួយ នឹងកម្លាំងដែលគេបានឃើញនៅតំបន់ព្រំដែនប្រមាណ៥ម៉ឺននាក់ បានបញ្ជួនកម្លាំង៣ម៉ឺននាក់ របស់ខ្លួនក្នុងប្រតិបត្តិការវាយលុកដោយថ្មើរជើងដាក់មកក្នុងខេត្តKharkiv ។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងក្នុងសុន្ទរកថា មួយនាថ្ងៃចន្ទទី១៣ឧសភា បញ្ជាក់ថា លោកបានបញ្ជួនកម្លាំងទាហានអ៊ុយក្រែនជាជំនួយបន្ថែម ទៅកាន់តំបន់វាយប្រហារនោះ និងលោកថា ពួកគេកំពុងតែធ្វើការវាយប្រហារទប់ទល់អំពើវាយលុកទាំងនោះហើយ។

មិនមានសេចក្តីរាយការណ៍ថា តើកម្លាំងទាហានអ៊ុយក្រែនមានចំនួនច្រើនប៉ុណ្ណា ក្នុងការបញ្ជួន ទៅទប់ទល់នឹងកម្លាំងរុស្ស៊ីឡើយ ខណៈអ៊ុយក្រែននាពេលនេះ កំពុងរងនឹងចំណោទការខ្វះ ធនធានមនុស្សចូលបំរើកងទ័ពថែមទៀតនោះ។
លោកហ្សេ ឡិនស្គី បានថ្លែងបញ្ជាក់បន្តថាកងកម្លាំងបញ្ជួនបន្ថែមដើម្បីទប់ទល់នឹង អំពើវាយ លុករបស់រុស្ស៊ីនោះគឺជាកម្លាំងដ៏ច្រើនដែលបំពាក់ដោយអាវុធសំខាន់ៗ។ លោកហ្សេឡិនស្គី ថ្លែងថាក្រុ​មទាហានអ៊ុយក្រែនបញ្ជួនទៅទាំងនោះ កំពុងកែស្ថានការណ៍សឹកបានជាច្រើន ហើយនៅលើសមរភូមិ។

សេចក្តីរាយការណ៍សឹកបង្ហាញលទ្ធផលផ្សេងគ្នានៅក្នុងសមរភូមិថ្មីខេត្ត Kharkiv ការបង្កើនការ​វាយលុករបស់រុស្ស៊ីដាក់ទៅលើ​ខេត្ត​នាភាភាគខាងកើតរបស់អ៊ុយក្រែន បានធ្វើឡើង ក្រោយពេលដែល​អ៊ុយក្រែន​ បានធ្វើការវាយប្រហារ​ឆ្លងដែនចូលទឹកដីរុស្ស៊ី។ កាសែត The Guardian បានរាយការណ៍ដកស្រង់ប្រភពសន្តិសុខនៅទីក្រុង Kyiv ដែលនិយាយថា អ៊ុយក្រែនបានប្រើដ្រូនបាញ់រប​ស់ខ្លួនបាញ់បង្ហោះដាក់ទៅកាន់ភាគខាងលិចនៃប្រទេស រុស្ស៊ីក្នុងការវាយប្រហារដាក់លើស្ថានីយប្រេងក្នុងតំបន់ព្រំដែនតំបន Belgorod និងស្ថានីយ អគ្គិសនីក្នុងតំបន់ Lipetsk។ Belgorod និង Lipetsk គឺជាខេត្តរបស់រុស្ស៊ី។ អ៊ុយក្រែននៅថែម ទាំងធ្វើការវាយប្រហារដាក់លើតំបន់ Luhansk ក្នុងទឹកដីដែលរុស្ស៊ីបានគ្រប់គ្រងថែមទៀត។

អភិបាលខេត្តលូហានស៍ដែលរុស្ស៊ីបានតែងតាំង គឺលោក Leonid Pasechnik បាននិយាយថា គ្រាប់រ៉ុក្កែតអ៊ុយក្រែនបានបាញ់ដាក់មកលើតំបន់ Luhansk ដែលការបាញ់នោះ បានសំដៅ ដាក់មកលើតំបន់ឧស្សាហកម្មនៃទីប្រជុំជន Sorokyne និងការវាយប្រហារនោះបានសម្លាប់ មនុស្សបីនាក់ និងធ្វើឱ្យរងរបួសបួននាក់។ ការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ីនោះហើយ ត្រូវគេផ្តល់ជាលេសនៃការរៀបចំកម្លាំងលុកលុយរបស់រុស្ស៊ីដាក់មកលើខេត្ត Kharkiv ដែល ស្ថិតជាប់នឹងព្រំដែនរបស់រុស្ស៊ីនេះ។

សេចក្តីរាយការណ៍២៤ម៉ោងចុងក្រោយរបស់ The Guardian បានដកស្រង់សម្តីអភិបាលក្រុង ខាគីវ លោក Oleh Syniehubov ដែលបាននិយាយថាកងកម្លាំងរបស់រុស្ស៊ីកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ភូមិ Vovchansk ចម្ងាយប្រមាណ៥គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ក៏ដូចជាចូលទៅក្នុងភូមិ Lyptsi ភាគខាងជើងនៃទីក្រុងKharkiv ផងដែរ។ កងទ័ពអ៊ុយក្រែនត្រូវគេរាយការណ៍ ថា បានប្រមូលផ្តុំកម្លាំងនៅរោងចក្រមួយកន្លែងនាជាយភូមិ Vovchansk ។ ភូមិ Vovchansk គឺជាភូមិដែលស្ថិតនាទិសភាគឥសាន និងស្ថិតនៅក្រៅក្រុង Kharkiv ។ មនុស្សប្រមាណ៥ពាន់៧០០នាក់ ត្រូវបានគេជម្លៀសចេញពីក្នុងភូមិ និងជុំវិញរបស់ភូមិ Vovchanskនោះ ហើយមនុស្សប្រមាណ៣០០នាក់ទៀតដែលមិនទាន់បានចាកចេញកំពុងរង ការបង្ខំឱ្យធ្វើការចាកចេញពីលំនៅដ្ឋានរបស់ខ្លួន។

មន្ត្រីអ៊ុយក្រែនបាននិយាយថា មានតែអ្នកស្រុកប្រមាណពីរបីរយនាក់តែប៉ុណ្ណោះសេសសល់ នៅក្នុងភូមិVovchansk ដែលជាកន្លែងមានការប្រយុទ្ធគ្នារវាងកងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែន។ អភិបាលក្រុង Kharkiv លោក Oleh Syniehubov បានថ្លែងបន្តទៀតថា ទាហានរុស្ស៊ីដែល មានក្រុមប្រតិបត្តិការជាក្រុមតូចៗ កំពុងវាយប្រហារដាក់លើតំបន់ថ្មីៗមួយចំនួនដើម្បីព្យាយាម ពង្រីកទិសដៅវាយប្រហាររបស់ខ្លួន និងការចង់ធ្វើឱ្យអ៊ុយក្រែនដែលខ្វះកម្លាំងទាហានកាន់តែ មានចំនួនកាន់តែស្តួចស្តើង។ អភិបាលក្រុង Kharkiv លោក Oleh Syniehubov បានត្អូញត្អែរថា «ស្ថានការណ៍មានភាពលំបាក»។ ប៉ុន្តែលោកហ្សេឡិនស្គី បានថ្លែងកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញរថពាសដែក និងកងកម្លាំងថ្មើរជើងរបស់សត្រូវ និងលោក បានថ្លែងទទួលស្គាល់ថា គេអាច មើលឃើញយ៉ាងច្បាស់លាស់នូវបំណងរបស់សត្រូវដែលចង់ធ្វើឱ្យកម្លាំងរបស់អ៊ុយក្រែនកាន់ ស្តួចស្តើងថែមទៀត។

ក្រុមអ្នកវិភាគយោធាបានថ្លែងថា ការលុកលុយចូលគ្រប់គ្រងភូមិមួយចំនួនក្នុងតំបន់ Kharkiv គឺអាចជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់រុស្ស៊ី ដែលមិនត្រឹមប្រើប្រាស់យុទ្ធសាស្ត្រ សមរភូមិថ្មីដណ្តើមបានយកភូមិបន្ថែមទៀត នៃភាគខាងកើតអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងបង្ខំឱ្យអ៊ុយក្រែនត្រូវដកយកកម្លាំងទាហានរបស់ខ្លួនពីកន្លែងប្រយុទ្ធផ្សេងៗ ដើម្បីឱ្យអ៊ុយ ក្រែនដែលខ្វះទ័ពទៅហើយនោះ កាន់តែស្តួចស្តើងនូវកម្លាំងប្រយុទ្ធរបស់ខ្លួនលើស​មរភូមិ។

ការវាយប្រហារចូលទៅក្នុងភូមិមួយចំនួនតំបន់នៃខេត្ត Kharkiv បានទន្ទឹមនឹងការវាយប្រហារ របស់កងកម្លាំងរុស្ស៊ីនៅក្នុងខេត្តលូហានស៍និងខេត្តដូណេតស៍ ដូចជានៅតំបន់ Chasiv Yar ជាដើមនោះ គឺជាតំបន់នៃសមរភូមិមិនទាន់បានទទួលលទ្ធផលសម្រេចជាចុងក្រោយឡើយ និងការវាយប្រហារនោះទៀត បានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍បង្ហាញថា អ៊ុយក្រែន បានខ្វះកម្លាំងធនធានទាហានប្រយុទ្ធរបស់ខ្លួនថែមទៀត។

ក្រុមអ្នកវិភាគយោធាបាននិយាយបន្តថា ការវាយលុកដោយការប្រើកម្លាំងរថពាសដែក ដាក់មកលើតំបន់ Kharkiv តាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះមក ត្រូវគេចាត់ទុកថាគឺជាយុទ្ធ​សាស្ត្រ មួយរបស់រុស្ស៊ីដើម្បីឱ្យអ៊ុយក្រែនដកកម្លាំងទ័ពពីតំបន់ភាគខាងកើតនិងអាគ្នេយ៍ ដើម្បីយក មកទប់ទល់នឹងរុស្ស៊ីនៅមុខព្រួញថ្មី ប៉ុន្តែអ៊ុយក្រែនបាននិយាយ មុននេះដែរថា គេក៏បានមើល ឃើញនូវល្បិចកលប្រយុទ្ធរបស់រុស្ស៊ីនេះផងដែរ និងចំអកថាល្បិចកលនេះនឹងមិនអាច សម្រេចបានឡើយ។

ក្រុមយោធាអ៊ុយក្រែនបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទទី១៣ឧសភាបញ្ជាក់ថា រុស្ស៊ីបាន​បាត់ បង់ទាហានរបស់ជាង ១០០នាក់ និងថាកងកម្លាំងអ៊ុយក្រែន​កំពុងស្ដារ​ទីតាំងឈរជើងចាស់ៗ របស់ខ្លួនសាឡើងវិញហើយ។ ប៉ុន្តែបើយោងតាមប្រព័ន្ធតេឡេក្រាម DeepState ដែលតាមដានស្ថានការណ៍វិវត្តន៍ដោយផ្ទាល់នៅលើសមរភូមិបានរាយការណ៍ថា កងទ័ព​អ៊ុយក្រែន​បាន​ទទួល​ស្គាល់ថា​រុស្ស៊ី​ពិតជាមានប្រៀបក្នុងល្បិចប្រយុទ្ធ។ បណ្តាញ DeepState Telegram ដដែលបានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានចូលគ្រប់គ្រងទឹកដីប្រមាណ១០០គីឡូម៉ែត្រក្រឡាហើយ និងថាកងកម្លាំងអ៊ុយ ក្រែន បានបង្កើនការវាយប្រហារឥតឈប់ឈរ ដាក់មកលើកងកម្លាំងរុស្ស៊ីវិញរួមមានទាំងការប្រើដ្រូនផងដែរ។ បណ្តាញ DeepState Telegram ដដែលបានសរសេរកត់សម្គាល់ទៀត ថាទោះជាមានការវាយប្រហារខ្លាំងក្លារបស់អ៊ុយក្រែនយ៉ាងណាក៏ដោយ គេមិនអាចឃាត់ការ វាយលុករបស់ទាហានរុស្ស៊ីបានឡើយ។ រុស្ស៊ីមិនត្រឹមតែវាយប្រហារតាមកម្លាំងថ្មើរជើងប៉ុណ្ណោះទេ, សកម្មភាពវាយប្រហារតាមផ្លូវអាកាសត្រូវគេរាយការណ៍ថា បានធ្វើឡើងជាប់ជាប្រ ចាំផងដែរនៅក្នុងតំបន់សមរភូមិ។

សេចក្តីរាយការណ៍វេលា២៤ម៉ោងចុងក្រោយ ដោយផ្អែកតាមសេចក្តីរាយការណ៍របស់ប៉ូលីស អ៊ុយក្រែនកាលពីល្ងាចថ្ងៃទី១៣ឧសភា រុស្ស៊ីបានបាញ់មីស៊ីលមួយគ្រាប់ ដាក់លើភូមិ Korotych ដែលជាតំបន់មួយស្ថិតនៅក្បែរនឹងទីក្រុង Kharkiv ដោយគ្រាប់មីស៊ីលនោះបាន សម្លាប់បុរសអាយុ៣៨ឆ្នាំម្នាក់ និងបង្កឱ្យរងរបួសបីនាក់ទៀត។

អភិបាលក្រុងខាគីវលោក Oleh Syniehubov បានថ្លែងឱ្យដឹងដែរថា ការវាយប្រហារគ្រាប់មីស៊ីលមុននេះរបស់រុស្ស៊ី បានធ្វើឱ្យរងរបួសស្ត្រី អាយុ៧១ឆ្នាំម្នាក់នៅក្នុងទីក្រុង Lyptsi និងបុរសម្នាក់ទៀតអាយុ៦៩ឆ្នាំ នៅក្នុងទីក្រុង Izium ។
សេចក្តីរាយការណ៍អំពីស្ថានការណ៍សឹកនាពេលនេះ ទោះជាយ៉ាងណាក៏ដោយ ត្រូវគេប្រៀប ធៀបថាមានសភាពខុសគ្នា។
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី ដែលអះអាងកាលពីថ្ងៃចន្ទថា ក្រុមទាហានអ៊ុយ ក្រែនដែលបានបញ្ជួនថ្មីទៅកាន់ តំបន់ប្រយុទ្ធតំបន់ខាគីវនោះ កំពុងកែស្ថានការណ៍សឹក បានជា ច្រើននៅលើសមរភូមិ និងលោកបានថ្លែងអំណរគុណដល់អាជ្ញាធរអ៊ុយក្រែនក្នុងតំបន់ខាគីវ ដែលបានជួយជម្លៀសជីវិតពលរដ្ឋ ចាកចេញពីសង្គ្រាមក្នុងពេលដែលកំពុងមានការវាយប្រហារគ្នា។ ប៉ុន្តែនៅជាមួយគ្នានេះក្រុមទាហានរុស្ស៊ី ក៏បានធ្វើបច្ចុប្បន្នភាពស្ថានការណ៍សឹក នាល្ងាចថ្ងៃចន្ទដូចគ្នានេះដែរ ដោយបញ្ជាក់ថាទាហានរុស្ស៊ីបានកែលំអស្ថានការណ៍ប្រយុទ្ធ និងបានធ្វើការវាយប្រហារជាច្រើនដាក់លើកងកម្លាំងអ៊ុយក្រែន និងថែមទាំងបំផ្លាញគ្រឿង សម្ភារៈសឹកអ៊ុយក្រែនបានមួយចំនួនថែមទៀត នៅក្នុងសមរភូមិ Vovchansk នៅក្នុងខេត្តខាគីវនោះ។ ស្ថានការណ៍សឹកកំពុងឆាបឆេះក្នុងខេត្តខាគីវនេះ មិនមានប្រភពអព្យាក្រិតណា អាចអះបន្ថែមនូវការពិតជាក់ស្តែងលើសមរភូមិឡើយ៕