(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា កិច្ចប្រឹងប្រែងរុករកមនុស្ស៣៥នាក់ ដែលនៅបាត់ខ្លួននៅឡើយ ក្រោយការវាយប្រហារនៃ​គ្រោះទឹកជំនន់ និងបំណាក់ដីដ៏អាក្រក់ នៅខេត្ត West Sumatra នៃប្រទេសឥណ្ឌូណេស៉ី កំពុងតែបន្តប្រព្រឹត្តទៅនាថ្ងៃពុធនេះ ខណៈតួលេខអ្នកស្លាប់ បានកើនដល់៥៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។

ការធ្លាក់ភ្លៀងយ៉ាងខ្លាំងជោគជាំ កាលពីយប់ថ្ងៃសោរ៍ចុងសប្តាហ៍មុន បានបង្កឱ្យមានគ្រោះទឹកជំនន់ បំណាក់ដី រួមជាមួយអ្វីដែលគេហៅថា កម្អែភ្នំភ្លើងត្រជាក់ ពោលគឺល្បាប់ភក់ដែលលាយឡំទៅដោយកម្ទេចផេះភ្នំភ្លើង បំណែកដុំថ្ម ហើយនិងទឹក នៅក្នុងស្រុកចំនួន៣ និងក្រុងចំនួន​១ នៅខេត្ត West Sumatra។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ តួលេខអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនោះ គឺ៥២នាក់ ហើយឥឡូវនេះ បានបន្តកើនដល់៥៨នាក់។

កម្អែភ្នំភ្លើងត្រជាក់នោះ គឺមកពីភ្នំភ្លើង Marapi ដែលជាភ្នំភ្លើងដ៏សកម្មបំផុតមួយ ប្រចាំនៅកោះ Sumatra។ នៅពេលភ្នំភ្លើងនេះផ្ទុះឡើង កាលពីចុងឆ្នាំ២០២៣ មនុស្សជាង២០នាក់បានបាត់បង់ជីវិត។ ចាប់តាំងពីពេលនោះមក វាក៏បានបញ្ចេញសកម្មភាពផ្ទុះ ជាបន្តបន្ទាប់ទៀត​ផងដែរ។ ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃប្រទេសឥណ្ឌូណេស៉ី BNPB បាននិយាយថា ខ្លួននឹងផ្តោតការស្វែងរកអ្នកបាត់ខ្លួន នៅតាមតំបន់ដែលនៅក្បែរៗដងទន្លេ ហើយសម្អាតថ្មធំៗ ព្រមទាំងកម្ទេចកម្ទីផ្សេងៗ និងភក់ដែលនាំមកដោយទឹកជំនន់ ចេញពីផ្លូវជាតិសំខាន់ៗ។

គួរបញ្ជាក់ថា ផ្ទះសម្បែងយ៉ាងហោច២៤៩ខ្នង ផ្ទៃដី២២៥ហិកតា រួមមានទាំងវាលស្រែ ហើយនិងស្ពាន១៩ខ្សែ រួមជាមួយផ្លូវជាតិសំខាន់ៗ ភាគច្រើន បានរងការខូចខាត នៅក្នុងស្រុកចំនួន៣ និងក្រុងចំនួន១៕