(ប៉ារីស)៖ បារាំង បានបញ្ជាឱ្យកងទ័ពទៅការពារកំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិ នៅទីប្រជុំកោះ New Caledonia ដែលជាដែនដីរបស់ខ្លួនក្នុងតំបន់ប៉ាស៉ីហ្វិក ខណៈដែលការប្រកាសអាសន្នត្រូវដាក់ចេញ ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ បន្ទាប់ពីកុបកម្មពីរយប់ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ ២០២៤។
ភាពចលាចលបានផ្ទុះឡើង បន្ទាប់ពីសភាជាតិរបស់ប្រទេសបារាំង គាំទ្រដល់ការកែប្រែនិតិវិធីបោះឆ្នោត ដោយមេដឹកនាំជនជាតិដើមភាគតិច Kanak និយាយថា វានឹងប៉ះពាល់ដល់សន្លឹកឆ្នោតរបស់ពួកគេ។ ក្រុមមន្រ្តី បានឱ្យដឹងថា ហាងលក់ទំនិញនានាត្រូវចោរចូលលួច ហើយអគារសាធារណៈរងការដុតបំផ្លាញ ក្នុងពេលមានអំពើហិង្សានៅពេលយប់។ មនុស្ស ៤នាក់ រួមទាំងកងកម្លាំងសន្តិសុខម្នាក់បានស្លាប់ និងមនុស្សជាច្រើននាក់រងរបួស។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអនុញ្ញាតឱ្យមានកិច្ចពិភាក្សា ជាមួយក្រុមសមាជិកសភារបស់កោះ New Caledonian ខណៈដែលអនុម័តឱ្យប្រើប្រាស់កម្លាំងទ័ព និងដាក់បំរាមគោចរនៅពេលយប់ ដើម្បីរារាំងអំពើហិង្សាកាន់តែអាក្រក់ មិនធ្លាប់មានរយៈពេល ៤សតវត្សរ៍។
គួរបញ្ជាក់ថា កោះ New Caledonia ស្ថិតនៅចន្លោះប្រទេសហ្វីជី និងអូស្រ្តាលី ហើយជាទឹកដីមួយក្នុងចំណោមទឹកដីជាច្រើន ជុំវិញពិភពលោក ដែលនៅតែជាផ្នែកមួយនៃប្រទេសបារាំង ក្រោយសម័យអាណានិគម៕