(ម៉ានីល)៖ ហ្វីលីពីន បានយល់ព្រមថានឹងទិញនាវាល្បាត ៥គ្រឿង ពីប្រទេសជប៉ុ​ន ក្នុងតម្លៃជាង៤០០លានដុល្លារ ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងមាន ភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះ ក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់ថាជប៉ុននឹងផ្ដល់កម្ចី ៦៤.៣៨ពាន់លានយ៉េន ឬស្មើនឹង ៤១៣លានដុល្លារ ដើម្បីទិញនាវាល្បាតមានប្រវែង៩៧ម៉ែត្រប្រភេទ Multi-Role Response Vessels ចំនួន៥គ្រឿង និងសម្រាប់ចំណាយលើបរិក្ខារពាក់ព័ន្ធដទៃទៀត។

សេចក្ដីថ្លែងការណ៍នេះដដែល ដោយចង់សំដៅលើឆ្មាំសមុទ្រហ្វីលីពីន បានគូសបញ្ជាក់ទៀតថានាវាល្បាតទាំងនោះនឹងជួយគាំទ្រដល់ឆ្មាំសមុទ្រហ្វីលីពីន PCG ក្នុងការអភិវឌ្ឍសមត្ថភាពធ្វើប្រតិបត្តិការសមុទ្រ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។

គួរបញ្ជាក់ថា ជប៉ុន គឺជាអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហ្វីលីពីន ស្របពេលប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅនឹងគ្នា ចំពោះមុខ ការកើនឡើងសកម្មភាពរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង៕