(កូឡុំបូ)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់ប្រទេសស្រីលង្កា បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ស្រីលង្កា នឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីស៉ើបអង្កេតជោគវាសនាជនជាតិស្រីលង្ការាប់រយនាក់ ដែលត្រូវគេបានគេរាយការណ៍ថាកំពុងប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេស លោក Tharaka Balasuriya បានឱ្យដឹងថា កាលពីដើមខែនេះ អាជ្ញាធរស្រីលង្កា បានបើកការស៉ើបអង្កេតទៅលើសេចក្តីរាយការណ៍ ដែលថាមានជនជាតិស្រីលង្កា ហើយភាគច្រើនកំពុងទទួលការហ្វឹកហាត់ក្លាយជាយោធា ត្រូវបានជួញដូរឱ្យទៅប្រយុទ្ធនៅអ៊ុយក្រែន។ លោក Balasuriya បានប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ការស៉ើបអង្កេតបឋមអំពីចំនួនជាក់លាក់នៃជនជាតិស្រីលង្កានៅរុស្ស៉ី គឺមានអាចមានចន្លោះពី ៦០០នាក់ទៅ ៨០០នាក់»។ ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងកូឡុំបូ នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ ហើយកន្លងមកទីក្រុងមូស្គូ មិនធ្លាប់ឆ្លើយតបឡើយជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា អាជ្ញាធរស្រីលង្កា បានទទួលបណ្តឹងចំនួន ២៨៨ពីសមាជិកគ្រួសារពលរដ្ឋស្រីលង្កា ដែលមានអ្នកចាកចេញពីប្រទេស ដោយខុសច្បាប់ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ហើយធ្លាប់បានចាប់ខ្លួនមនុស្ស ៧នាក់ រួមទាំងអតីតឧត្តមសេនីយ៍មួយរូប ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស៕