(ប៉េកាំង)៖ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកប្រកាសដំឡើងពន្ធគយជាថ្មីម្តងទៀត ចំពោះផលិតផលរបស់ចិន កាលពីថ្ងៃទី១៤ ខែឧសភា មជ្ឈដ្ឋានមតិអន្តរជាតិចោទជាមន្ទិលសង្ស័យ និងរិះគន់ព្រមៗគ្នា។ ប្រព័ន្ធសារព័ត៌មានជាច្រើនសម្គាល់ឃើញថា អាមេរិកបានធ្វើឱ្យ បញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយជា បញ្ហានយោបាយជាបន្តបន្ទាប់ បានបំផ្លាញដល់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រក្រតី រវាងចិននិងអាមេរិក ហើយក៏គ្មានអំណោយផលដល់ ការអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធផងដែរ ចុងបំផុតនឹងធ្វើឱ្យអាមេរិកឈឺផ្សារ ម្តងហើយម្តងទៀត។

នៅថ្ងៃទី១៤ ខែឧសភា តាមម៉ោងក្នុងតំបន់ អាមេរិកបានប្រកាសថានឹងដំឡើងពន្ធគយជាថ្មីម្តងទៀត ចំពោះផលិតផលរបស់ចិន ដែលបូករួមទាំងរថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធ PV ដែលជាតំណាងនៃ “ផលិតផលថ្មីទាំងបី” របស់ប្រទេសចិន ព្រមនិងសារធាតុរ៉ែសំខាន់ៗ និងវត្ថុពាក់កណ្តាលចម្លងជាដើម។ ក្នុងនោះ បានដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីពី ២៧,៥ភាគរយ ឡើងដល់១០២,៥ភាគរយ ពន្ធគយនាំចូលអាគុយថាមពលសូឡា បានដំឡើងពី២៥ភាគរយ ឡើងដល់៥០ភាគរយ ហើយអត្រាពន្ធគយ ទៅលើអាគុយលីចូមបានដំឡើងពី ៧,៥ភាគរយឡើងដល់២៥ភាគរយ។ មូលហេតុដែលនាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិក ជាច្រើនឃោសនាបំប៉ោងយ៉ាងញឹកញាប់ ពីអ្វីដែលហៅថា “បញ្ហាអតិរេកផលិតកម្ម” របស់ថាមពលថ្មីរបស់ចិន គឺដើម្បីធ្វើជាលេសសម្រាប់ដំឡើងពន្ធគយ។

អាមេរិកបានយកការដំឡើងពន្ធគយធ្វើជាអាវុធម្តងទៀត តើអាចមានប្រយោជន៍ទេ? ដោយសារបានរងការរឹតបន្ដឹងជាច្រើន បានជាពេលមុននេះ រថយន្តអគ្គិសនី អាគុយលីចូមនិងឈីបរបស់ចិន មិនបាននាំចូលទៅក្នុងទីផ្សារអាមេរិក ដោយទ្រង់ទ្រាយធំនោះទេ ។ កាសែត«Nikkei» របស់ជប៉ុនបានលើកឡើងថា ឧស្សាហកម្មពាក់ព័ន្ធរបស់ចិន មិនពឹងផ្អែកទៅលើទីផ្សារអាមេរិកទេ អាមេរិកបន្ថែមពន្ធគយចំពោះផលិតផលចិន ពិបាកជះឥទ្ធិពលជាក់ស្តែងមកលើសហគ្រាសចិនណាស់។

បំណាច់ជាបែបនេះ ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកធ្វើយ៉ាងនេះ? អ្នកវិភាគបានលើកឡើងថា មួយផ្នែក លើវិស័យថាមពលថ្មីជាដើម អាមេរិកមិនអាចប្រកួតប្រជែងជាមួយប្រទេសចិនបានឡើយ ដូច្នេះ អ្នកនយោបាយអាមេរិកមានតែប្រើប្រាស់មធ្យោបាយការពារពាណិជ្ជកម្ម សម្រាប់គាបសង្កត់ការអភិវឌ្ឍឧស្សាហកម្មដ៏ល្អប្រសើររបស់ចិន ដើម្បីរក្សាឋានៈខ្ពស់របស់អាមេរិក ក្នុងខ្សែសង្វាក់ឧស្សាហកម្មសកល។

មួយផ្នែកទៀត ទង្វើនេះហាក់ដូចជា “ល្ខោននយោបាយ” មួយលើក។ ឆ្នាំនេះ ជាឆ្នាំបោះឆ្នោតសកលរបស់អាមេរិក ប៉ុន្តែសេដ្ឋកិច្ចអាមេរិកបានធ្លាក់ ក្នុងសភាពជាប់គាំងដែលមាន បញ្ហាដូចជាអតិផរណាខ្ពស់ និងឱនភាពហិរញ្ញវត្ថុជាដើម “ការទម្លាក់កំហុសឱ្យគេ” បានក្លាយជាជម្រើសជាទម្លាប់ របស់រដ្ឋាភិបាលអាមេរិកអាណត្តិនេះ។

អ៊ីចឹង ការដំឡើងពន្ធគយអាចជួយអ្នកនយោបាយអាមេរិក សម្រេចបំណងដែរឬទេ? បើមើលពីផ្នែកសេដ្ឋកិច្ចអាចឃើញថា ការអភិវឌ្ឍដ៏យឺតយ៉ាវរបស់រថយន្តថាមពលថ្មីរបស់អាមេរិក គឺមានមូលហេតុផ្ទាល់ខ្លួន ដូចជាថ្លៃដើមផលិតកម្មខ្ពស់ពេក និងខ្វះហេដ្ឋារចនាសម័្ពន្ធបន្ទាប់បន្សំដូចជាទូរសាកថ្មជាដើម។ បញ្ហានៅផ្ទៃក្នុងទាំងនេះមិនអាចដោះស្រាយបាន ដោយសារតែដំឡើងពន្ធគយនោះឡើយ។

រីឯបំណងរបស់អ្នកនយោបាយអាមេរិក ដែលចង់ប្រើប្រាស់ការដំឡើងពន្ធគយ ដើម្បីទាញយកសន្លឹកឆ្នោត ក៏ពិបាកសម្រេចបានដែរ ។ តាមការគណនារបស់ក្រុមហ៊ុន Moody ឱ្យដឹងថា អ្នកប្រើប្រាស់អាមេរិកបានទទួលបន្ទុកដើមទុនចំនួន ៩២ភាគរយក្នុងការដំឡើងពន្ធគយ ចំពោះផលិតផលចិន ជារៀងរាល់ឆ្នាំ គ្រួសាររបស់អាមេរិក នឹងបន្ថែមចំណាយ១៣០០ដុល្លារអាមេរិក ។ ក្រៅពីនេះ ការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា សង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន នឹងធ្វើឱ្យសហគ្រាសអាមេរិក បាត់បង់តម្លៃក្នុងទីផ្សារចំនួន១,៧ទ្រីលានដុល្លារអាមេរិក ព្រមនិងបាត់បង់ឱកាសការងារចំនួនជិត២៥ម៉ឺន។

ការពិតជាក់ស្តែងបានបញ្ជាក់ថា ឧស្សាហកម្មថាមពលថ្មីរបស់ចិនទទួលបាន ស្នាដៃពិតប្រាកដក្នុងការប្រកួតប្រជែង ប្រកបដោយភាពបើកទូលាយ មិនត្រឹមតែធ្វើឱ្យការផ្គត់ផ្គង់សកល មានភាពកាន់តែសម្បូរបែប និងបន្ធូរបន្ថយកម្លាំងសម្ពាធ នៃអតិផរណាសកលប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែកយ៉ាងខ្លាំងក្នុងការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មបៃតង នៅទូទាំងសកលលោកទៀតផង។ អាមេរិកប្រើគ្រប់ឧបាយកល ដើម្បីគាបសង្កត់ប្រទេសចិន តែមិនអាចរារាំងការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសចិនឡើយ ផ្ទុយទៅវិញបានលាតត្រដាងយ៉ាងច្បាស់ថា អាមេរិកគឺជា“អ្នកបំផិ្លចបំផ្លាញក្បួនច្បាប់អន្តរជាតិ” ដ៏ពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន