(វ៉ាស៊ីនតោន)៖ សង្រ្គាមក្នុងតំបន់ហ្កាហ្សាអូសបន្លាយពេលជាង ៧ខែមកនេះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើមអស្ចារ្យ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនហ្កាហ្សាជាង ២លាននាក់ ព្រមទាំងបំផ្លាញស្ទើរទាំងអស់នូវគម្រោងអភិបាលកិច្ចរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ ប៉ុន្តែ នៅចំពោះមុខសោកនាដកម្មលើប្រជាជនប៉ាឡេស្ទីន និងការបំផ្លិចបំផ្លាញ តើអ្វីទៅជាគោលដៅរបស់ក្រុមហាម៉ាស នៅក្រោយពេលសង្រ្គាម?

តាមរយៈការបើកការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហាម៉ាសបានបិទបញ្ចប់ «ស្ថានភាពដើម» ក្នុងតំបន់ហ្កាហ្សា ហើយនេះ គ្រាន់តែជាផ្នែកតូចមួយអ្វីដែលពួកគេចង់បានប៉ុណ្ណោះ។ ខណៈមានការជជែកដេញដោលពីអនាគតតំបន់ហ្កាហ្សានៅក្រោយសង្រ្គាមបញ្ចប់ ក្រុមហាម៉ាសបាន ចាប់ផ្ដើមអនុវត្តផែនការជាបណ្ដើរៗរបស់ពួកគេដើម្បីផ្សះផ្សារជាមួយ ឬក៏អាចឈានដល់ការសម្រេចបាននូវឥទ្ធិពលគ្របដណ្ដប់លើអង្គការរំដោះជាតិប៉ាឡេស្ទីន PLO ជាមួយការធានាឱ្យបានថាហាម៉ាសត្រូវតែស្ថិតនៅជាផ្នែកមួយនៃរដ្ឋាភិបាលណាមួយដែលអាចនឹងត្រូវបង្កើតឡើង ក្រោយសង្រ្គាមបញ្ចប់។ ​PLO គឺជាអង្គការ តំណាងប្រជាជនប៉ាឡេស្ទីននៅលើឆាកអន្តរជាតិ។ ជាក់ស្ដែង លោក Al Hayya ជាមន្ត្រីម្នាក់របស់ក្រុមហាម៉ាស កាលពីពេលថ្មីៗក៏បានទទួលស្គាល់ផែនការនេះ ផងដែរ ដោយបានលើកឡើងនូវគំនិតចង់បានបទឈប់បាញ់រយៈពេល៥ឆ្នាំជាមួយអ៉ីស្រាអែល ដោយផ្អែកលើខ្សែបន្ទាត់បទឈប់បាញ់ដែលមានស្រាប់ មុនសង្រ្គាម ឆ្នាំ១៩៦៧ និងរដ្ឋាភិបាលប៉ាឡេស្ទីនរួបរួមមួយដែលគ្រប់គ្រងទាំងតំបន់ West Bank និងហ្កាហ្សា។

ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣មក មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ត្រូវបានគេរាយការណ៍ថាបានជួបជាមួយក្រុមមន្ត្រីមួយចំនួនក្នុងជួរគណបក្ស Fatah ដែលមិនត្រូវគ្នា ជាមួយលោក Mahmoud Abbas ជាមេដឹកនាំអាជ្ញាធរប៉ាឡេស្ទីនមានមូលដ្ឋានតំបន់ West Bank កំពុងធ្លាក់កូដ ដើម្បីពិភាក្សាពីការបង្កើតរដ្ឋាភិបាលរួបរួមនេះ។ លើសពីនេះទៅទៀត កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ មេដឹកនាំក្រុមហាម៉ាស លោក Haniyeh ក៏បានលើកឡើងដោយប្រយោលផងដែរពីការរៀបចំឡើងវិញនូវ រចនាសម្ព័ន្ធរបស់ PLO ដោយមានរួមបញ្ចូលក្រុមនយោបាយប៉ាឡេស្ទីនទាំងអស់។ ការលើកឡើងរបស់លោក Haniyeh ពីការចូលរួមរបស់ហាម៉ាសនៅក្នុង PLO គឺជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែនៅពីក្រោយចេតនាពិតប្រាកដរបស់ហាម៉ាស នេះជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីប្រែក្លាយចលនាតស៊ូរបស់ពួកគេ ទៅជាអង្គការប្រដាប់អាវុធមួយដូចជាក្រុម Hezbollah។

នៅក្នុងប្រទេសលីបង់ ក្រុម Hezbollah គឺជាផ្នែកមួយនៃរដ្ឋាភិបាលលីបង់មានតែឈ្មោះប៉ុណ្ណោះ តែមានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយ និងមានស្វ័យភាព យ៉ាងពេញលេញ ក្នុងការដឹកនាំកងកម្លាំងប្រដាប់អាវុធផ្ទាល់ខ្លួន។ ដូច្នេះនៅក្រោមគំនិតចង់រៀបចំរចនាសម្ព័ន្ធថ្មីមួយសម្រាប់តំបន់ហ្កាហ្សា និង West Bank ហាម៉ាសសង្ឃឹមថាពួកគេអាចនឹងមានឥទ្ធិពល និងមានឯករាជ្យភាពដូចគ្នាទៅនឹងក្រុម Hezbollah ដោយចង់ឱ្យចលនា និងក្រុមអ្នកប្រយុទ្ធរបស់ពួកគេនឹងមិនជាប់ នៅក្រោមកាតព្វកិច្ច ឬក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មីណាមួយ នោះឡើយ។

គួរបញ្ជាក់ថា បើទោះជាមេដឹកនាំក្រុមហាម៉ាសនៅក្រៅស្រុកដូចជានៅកាតា តួកគី និងលីបង់ មានបំណងចង់បញ្ចប់សង្រ្គាមហ្កាហ្សាក៏ពិតមែន តែមេដឹកនាំហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា គឺលោក Yahya Sinwar ដែលត្រូវបានគេជឿជាក់ថាជាអ្នកសម្រេចចិត្តចុងក្រោយរបស់ក្រុមហាម៉ាស ហាក់ដូចជាកំពុងដើរតាមសង្រ្គាមរវាង អ៉ីស្រាអែល និង Hezbollah កាលពីឆ្នាំ២០០៦ ដែលនៅពេលនោះចលនាប្រដាប់អាវុធមានមូលដ្ឋានក្នុងប្រទេសលីបង់មួយនេះបានក្លាយជាកងទ័ពអារ៉ាប់ដំបូងគេ បំផុតដែលមិនត្រូវបានកម្ទេចដោយកងទ័ពអ៉ីស្រាអែល IDF បើទោះជាបាត់បង់ក្រុមអ្នកប្រយុទ្ធយ៉ាងច្រើនក៏ដោយ ហើយក្រោយមក Hezbollah ថែមទាំងបានក្លាយជា ចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលមួយនៅក្នុងតំបន់មជ្ឈិមបូព៌ាទៀតផង។ ដូច្នេះតាមរយៈការការពារអាយុជីវិតរបស់ក្រុមហាម៉ាស នៅក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល លោក Sinwar ទំនងជាគិតថាវាអាចនឹងលើកមុខមាត់របស់លោកក្នុងនាមជាមេដឹកនាំជាន់ខ្ពស់បំផុត នៅក្នុងរដ្ឋាភិបាលមួយរបស់ប៉ាឡេស្ទីន នៅពេលអនាគត។

តាមលោក Matthew Levitt ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Washington Institute for Near East Policy គំនិតថាលោក Sinwar អាចនឹងមានអនាគតមួយ នៅក្នុង រដ្ឋាភិបាលរួបរួមណាមួយរបស់ប៉ាឡេស្ទីន គឺជារឿងមួយគួរឱ្យអស់សំណើច និងពិបាកនឹងទៅរួចណាស់។ ម្យ៉ាងដោយសារតែភាពជាសត្រូវនឹងគ្នារវាងគណបក្ស Fatah របស់លោក Mahmoud Abbas និងក្រុមហាម៉ាស ដែលបានដណ្ដើមគ្រប់គ្រងតំបន់ហ្កាហ្សាក្នុងឆ្នាំ២០០៧ ក្រោយធ្វើសង្រ្គាមស៊ីវិលជាមួយ Fatah។ ម្យ៉ាងវិញទៀត រដ្ឋបាលប្រធានាធិបតីអាមេរិក លោក បៃដិន ក៏បានបញ្ជាក់រួចហើយដែរថារចនាសម្ព័ន្ធរដ្ឋាភិបាលថ្មីមួយ ក្រោយសង្រ្គាមហ្កាហ្សាបញ្ចប់ នឹងមិនត្រូវបានរួមបញ្ចូលក្រុមហាម៉ាស នោះទេ។ ប៉ុន្តែលោក Matthew យល់ថាបើមិនអាចកម្ទេចរចនាសម្ព័ន្ធនយោបាយរបស់ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាទាំងស្រុង ដោយជំនួសមកវិញនូវប្រព័ន្ធដឹកនាំថ្មីទេ នោះគេប្រហែលជាអាចនឹងបានឃើញវត្តមានក្រុមហាម៉ាសនៅក្នុងរដ្ឋបាលប៉ាឡេស្ទីនមួយ នៅក្រោយសង្រ្គាមបញ្ចប់៕