(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះ ដើម្បីជួបពិភាក្សាជាមួយ ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ហើយនឹងបន្តធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល នៅថ្ងៃអាទិត្យ ដើម្បីជួបលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថាលោក Sullivan នឹងសង្កត់ធ្ងន់នៅក្នុងជំនួបរបស់លោកជាមួយក្រុមមន្ត្រី និងថ្នាក់ដឹកនាំ អ៉ីស្រាអែល ពីតម្រូវការចាំបាច់តាមប្រមាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាសក្នុងតំបន់ហ្កាហ្សា តាមមធ្យោបាយកំណត់គោលដៅជាក់លាក់ ជំនួសឱ្យការបើកការវាយប្រហារទ្រង់ទ្រាយធំលើ ទីក្រុង Rafah​ ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា។

លោក Kirby បន្តទៀតថាលោក Sullivan នៅក្នុងជំនួបជាមួយព្រះអង្គម្ចាស់ bin Salman នឹងពិភាក្សាគ្នាពីបញ្ហាទ្វេភាគី និងនៅក្នុងតំបន់ ក្នុងនោះរួមមានទាំងសង្រ្គាមហ្កាហ្សា និងកិច្ចប្រឹងប្រែងសព្វថ្ងៃ ក្នុងការស្វែងរកសន្តិភាពយូរអង្វែង និងសន្តិសុខក្នុងតំបន់ទាំងមូល។

គួរបញ្ជាក់ថា បើតាមលោក John Kirby នៅក្នុងជំនួបរបស់លោក Sullivan ជាមួយលោក Netanyahu និងមន្ត្រីជាន់ខ្ពស់អ៉ីស្រាអែលដទៃទៀត ក៏នឹងរួមបញ្ចូលប្រធានបទទីក្រុង Rafah ផងដែរ។ អ៉ីស្រាអែលបានព្រមានម្ដងហើយម្ដងទៀតថា នឹងបើការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងមួយនេះ ខណៈសហរដ្ឋអាមេរិកបានបង្ហាញជំទាស់ដោយសារតែព្រួយបារម្ភពី សុវត្ថិភាពជនភៀសខ្លួនប៉ាឡេស្ទីនជាង ១លាននាក់ កំពុងជ្រកកោនក្នុងទីក្រុងជាប់ព្រំដែនអេហ្ស៉ីបមួយនេះ៕