(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា គណបក្សបក្សកុម្មុយនិស្តវៀតណាម បានតែងតាំងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក To Lam ជាប្រធានាធិបតថ្មីរបស់ប្រទេស ក្រោយការលាលែងពីតំណែងរបស់ លោក Vo Van Thuong។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ ២០២៤។

Vietnam News Agency រាយការណ៍ថា គណៈកម្មាធិការកណ្តាលរបស់បក្ស បានយល់ព្រមចំពោះការតែងតាំង លោក To Lam សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម សម្រាប់ការបោះឆ្នោតដើម្បីក្លាយជាប្រធានាធិបតីថ្មី។ ត្បិតការតែងតាំងនេះ ត្រូវបានទទួលយកដោយគណៈកម្មាធិការកណ្តាលរបស់បក្ស ប៉ុន្តែនឹងត្រូវឆ្លងកាត់ការបោះឆ្នោតផ្លូវការដោយរដ្ឋសភា នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា លោក Lam អាយុ ៦៦ឆ្នាំ កាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ តាំងពីឆ្នាំ ២០១៦ ហើយត្រូវបានគេស្គាល់ថាមានគោលជំហររឹងប៉ឹងលើចលនាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម៕