(ណៃពិដោ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានប្រកាសថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ទើបតែដណ្តើមកាន់កាប់បានក្រុងទៀត នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស ពីដៃកងកម្លាំងរដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។

ការប្រយុទ្ធគ្នាបានអង្រួនរដ្ឋ Rakhine ចាប់តាំងតែពីក្រុមចលនា Arakan Army (AA) បានបើកយុទ្ធនាការវាយប្រហារលើ ទីតាំង​របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈវាគឺជាការបិទបញ្ចប់ទាំងស្រុង នូវបទឈប់បាញ់មិនសូវរឹងមាំមួយ ដែលត្រូវបានអនុវត្តក្រោយរដ្ឋប្រហារយោធា ឆ្នាំ២០២១។ ក្រុម AA ដណ្តើមបានទឹកដីជាបន្តបន្ទាប់ រួមមានទាំងនៅតាមព្រំប្រទល់ជាប់​ប្រទេសឥណ្ឌានិងបង់ក្លាដែស ដែលជាការដាក់សម្ពាធបន្ថែមលើរបបសឹក ដ្បិតកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បាននិងកំពុងតែ​ប្រយុទ្ធតតាំងជាមួយ ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចដទៃទៀត នៅតំបន់ផ្សេងទៀតពាសពេញប្រទេស ផងដែរ។

ក្រុម AA បានអះអាងថា ពួកគេទើបដណ្តើមបានមូលដ្ឋានទាំងអស់ របស់យោធាមីយ៉ាន់ម៉ា នៅក្រុង Buthidaung នៅភាគខាងជើងរដ្ឋ Rakhine ក្នុងនោះរួមមានទាំងទីស្នាក់ការយុទ្ធសាស្រ្ត ខណៈក្រុមអ្នកប្រយុទ្ធរបស់ពួកគេ កំពុងបន្តប៉ះទង្គិចជាមួយកងទ័ពមីយ៉ាន់ម៉ា នៅតាមតំបន់ជាយក្រុង។ ក្រុង Buthidaung មានទីតាំងនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Sittwe ដែលជា​រដ្ឋធានីរបស់រដ្ឋ Rakhine និងដែលបន្តស្ថិតក្រោមការគ្រប់គ្រងរបស់យោធា នៅឡើយ។

គួរបញ្ជាក់ថា បើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ កាលពីខែមេសា សកម្មភាពប្រយុទ្ធគ្នា បានរីករាលដាលសឹងតែនៅទូទាំងរដ្ឋ Rakhine គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ខណៈមនុស្សរាប់រយនាក់បានស្លាប់និងរបួស ហើយជាង៣០០,០០០នាក់ ត្រូវបានបង្ខំឱ្យ​រត់ភៀសខ្លួន៕