(ប៉េកាំង)៖ “ទន្ទឹមនឹងអ្នកប្រើប្រាស់ចិនកាន់តែយកចិត្តទុកដាក់ដល់សុខភាព ខ្ញុំជឿថា សហគ្រាសយើងនឹងមានទំហំកាន់តែធំ នៅទីផ្សារប្រទេសចិន។ ” ពេលថ្មីៗកន្លងទៅនេះ លោក Brian Jamieson ស្ថាបនិកនៃក្រុមហ៊ុន SP1KE ដែលជាក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខាងសុខភាពនៃកាណាដា បានថ្លែងដូចនេះពោលខាងលើនេះ។

ព្រមពេលជាមួយគ្នានេះ អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងគណៈកម្មាធិការសហភាពអឺរ៉ុបសុទ្ធតែបានដំឡើង ការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិន ចំនួន០,២ភាគរយនៅពេលថ្មីៗកន្លងទៅនេះ តាមសន្ទស្សន៍ជំនឿចិត្ត ខាងការវិនិយោគផ្ទាល់របស់ពាណិជ្ជករសកល ដែលក្រុមហ៊ុនគ្រប់គ្រងនិងប្រឹក្សាយោបល់អន្តរជាតិ Kearney បានប្រកាសឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិនបានឡើងពីលេខរៀងទី៧ នៅឆ្នាំ២០២៣ដល់លេខរៀងទី៣នៅឆ្នាំ២០២៤នេះ ដែលកាន់លំដាប់ថ្នាក់ទីមួយ ក្នុងចំណោមទីផ្សារងើបឡើងថ្មី។

កាលពីថ្ងៃទី១៧ ខែឧសភា រដ្ឋាភិបាលចិនបានប្រកាសពីស្ថានភាពដំណើរការនៃសេដ្ឋកិច្ចនៅខែមេសា ដែលបានបញ្ជាក់ពី ការប៉ាន់ប្រមាណពីក្រៅប្រទេសទាំងនេះ ។ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យម និងធំបានកើនឡើង៦,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលកើនឡើង២,២ភាគរយបើប្រៀបធៀបនឹងខែមីនា។ សន្ទស្សន៍ប៉ាន់ប្រមាណ នៃសកម្មភាពផលិតកម្មនិងធ្វើអាជីវកម្ម នៃសហគ្រាសបន្តស្ថិតនៅចន្លោះកើនឡើង ដែលមានកម្រិតខ្ពស់បង្គួរ សន្ទស្សន៍សកម្មភា ពធុរកិច្ចពាណិជ្ជកម្មនៃមុខរបរសេវាកម្ម បន្តស្ថិតនៅចន្លោះកើនឡើងយ៉ាងល្អប្រសើរ រយៈពេល៤ខែជាប់ៗគ្នា។ល។

ទិន្នន័យមួយចំនួនបានបង្ហាញថា សេដ្ឋកិច្ចចិនបានដំណើរការដោយនឹងនរ ដែលបន្តនិន្នាការកើនឡើងដ៏ល្អប្រសើរ ហើយកត្តាវិជ្ជមានក៏កំពុងកើនឡើងផងដែរ។ បើនិយាយចំពោះសហគ្រាស ទីផ្សារគឺមានន័យថាប្រាក់ចំណេញ ។ តើប្រទេសចិនដែលជាទីផ្សារទ្រង់ទ្រាយធំសម្បើមនេះ មានលក្ខណៈបែបណា? ពីខែមករាដល់ខែមេសា ទំហំលក់រាយសរុប នៃវត្ថុប្រើប្រាស់ក្នុងសង្គមបានកើនឡើង៤,១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ចំណុចក្តៅដូចជា ការប្រើប្រាស់ឌីជីថលនិងការប្រើប្រាស់ ខាងទេសចរណ៍វប្បធម៌ជាដើមបានបំពេញបន្ថែម កម្លាំងចលករថ្មីក្នុងការស្តារទីផ្សារ ប្រើប្រាស់ឡើងវិញ។

ក្នុងពេលដំណាលគ្នានេះ ទំហំលក់រាយទំនិញជាក់ស្តែងតាមអនឡាញ បានកើនឡើង១១,១ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ដែលបានបង្ហាញពីកម្លាំងរស់រវើកនៃទីផ្សារលក់រាយ តាមបណ្តាញអ៊ីនធើណេតធំទីពីរ លើទូទាំងពិភពលោក ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យឆេងម៉េង នៅដើមខែមេសាកន្លងទៅនេះ ចំនួនអ្នកទេសចរក្នុងស្រុកចិន និងការចំណាយរបស់អ្នកទេសចរក្នុងស្រុកចិន បានកើនឡើង១១,៥ភាគរយនិង១២,៧ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩។

បើសង្កេតមើលសេដ្ឋកិច្ចនៃប្រទេសមួយ គួរតែមើលកម្លាំងជំរុញនៅពេលអនាគតនិងភាពធន់នៃការអភិវឌ្ឍ នេះសំខាន់គឺមកពី កម្លាំងចលករខាងការច្នៃប្រឌិតថ្មី។ ទន្ទឹមនឹងពេលដែលប្រទេសចិនអភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង កម្លាំងចលករថ្មីកំពុងបង្កើតឡើងយ៉ាងឆាប់រហ័ស ។ នៅខែមេសា សមាមាត្រនៃតម្លៃបន្ថែមនៃរបរផលិតគ្រឿងបរិក្ខារ និងរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ធុនមធ្យមនិងតូច ក្នុងសហគ្រាសឧស្សាហកម្មធុនមធ្យមនិងតូច ទាំងអស់បន្តកើនឡើងទៀត ។ ពីខែមករាដល់ខែមេសា ការវិនិយោគលើការកែច្នៃបច្ចេកទេសនៃរបរផលិតកម្ម និងការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សុទ្ធតែមានល្បឿនកំណើនលឿនជាងការវិនិយោគទាំងអស់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ បើនិយាយចំពោះ សហគ្រាសបរទេស ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន នឹងនាំមកនូវលំហបើកទូលាយ និងធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន។

ប្រទេសចិននៅតែជា “គោលដៅពេញនិយម”នៃការវិនិយោគសកលដដែល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលស្តីពីការជំរុញ ការវិនិយោគនិងពាណិជ្ជកម្មសកលលើកទីបីបានបើកធ្វើនៅក្រុងប៉េកាំង ។ សភាពាណិជ្ជកម្មបរទេសនៅចិនចំនួន១៨ សុទ្ធតែបានចាត់បញ្ជូនតំណាងចូលរួម។ ចាប់ពីសន្ទស្សន៍ជាច្រើននៃពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ លើកទីបួនបង្កើតកំណត់ត្រាថ្មី រហូតដល់ពាណិជ្ជករបញ្ជាទិញបរទេសដែលចូលរួម ពិព័រណ៍ផលិតផលនាំចេញនាំចូលរបស់ចិន ដែលតាំងបង្ហាញនៅទីតាំងផ្ទាល់ បានបំបែកកំណត់ត្រា ពាណិជ្ជករបរទេសបាននាំគ្នាផ្តល់ការគាំទ្រ ដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាព នៃការធ្វើទំនើបកម្មតាមបែបផែនចិន។

បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅ មានភាពកាន់តែស្មុគ្រស្មាញនិងមិនប្រាកដប្រជា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនក៏ប្រឈមមុខនឹង ការលំបាកនិងការសាកល្បងមួយចំនួនដែរ។ ប៉ុន្តែទន្ទឹមនឹងការអនុវត្តគោលនយោបាយម៉ាក្រូ ប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចចិនមានលក្ខខណ្ឌពង្រឹងនិន្នាការល្អប្រសើរ ជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន