(ប៉េកាំង)៖ កាលពីថ្ងៃទី ១៦ ខែឧសភា ពិធីបើកសកម្មភាព «ឆ្នាំវប្បធម៌ចិន-រុស្ស៊ី» និងការប្រគំតន្ត្រីពិសេស ដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងរុស្ស៊ី បានប្រារព្ធធ្វើនៅរោងមហោស្រពជាតិក្រុងប៉េកាំង។ នៅថ្ងៃដដែល លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារនិងធ្វើកិច្ចជំនួបខ្នាតតូចជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី ដែលអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិន។ មេដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់ យ៉ាងស៊ីជម្រៅជុំវិញទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ហើយបានរួមគ្នាគ្រោងផែនការគោលថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសចិននិងរុស្ស៊ី បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម និងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករថ្មី ក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី។

ប្រទេសចិននិងរុស្ស៊ីបាននិងកំពុងប្រកាន់ខ្ជាប់ ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដោយឈរលើគោលការណ៍ "មិនចងបក្សសម្ព័ន្ធ មិនបដិបក្ខគ្នានិងមិនសំដៅចំពោះភាគីទី៣" ដែលបានបង្កើតជាគំរូល្អនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ក៏ដូចជានាំមកនូវស្ថិរភាព ដ៏មានតម្លៃពន់ពេក ជូនដល់ពិភពលោកដែលកំពុងមានភាពច្របូកច្របល់។

ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីបានឡើងដល់កម្រិតខ្ពស់បំផុ តក្នុងប្រវត្តិសាស្រ្ត ។ លោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុបវិធីសាស្ត្ររួមរស់នៅ ជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងរុស្ស៊ី ពោលគឺ "ភាគីទាំងពីរចាំបាច់ត្រូវផ្សព្វផ្សាយគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន ជាប់រហូមក គោរពគ្នាទៅវិញទៅមក កសាងទំនុកចិត្តគ្នាទៅវិញទៅមក ប្រកបដោយសមភាព យោគយល់ពីកង្វល់រៀងៗខ្លួន ក៏ដូចជាផ្តល់ជំនួយដល់ការអភិវឌ្ឍ និងការស្តារឡើងវិញ របស់ភាគីទាំងពីរយ៉ាងពិតប្រាកដ"។

បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំ ទំនាក់ទំនងចិន-រុស្ស៊ីកំពុងឈរនៅទីចាប់ផ្តើមថ្មី ។ តើត្រូវកសាងអនាគតកាន់តែល្អបវ រដោយរបៀបណា ? បើមើលពីគំនិតឯកភាពរួមដែលភាគីទាំងពីរបានឈានដល់អាចឃើញថា ប្រទេសទាំងពីរនឹងធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងវិស័យជាច្រើនដូចជា ពង្រឹងការកសាងទំនុកចិត្តគ្នាខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការរៀនសូត្រពីគ្នាផ្នែកវប្បធម៌ និងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពជាដើម។

លក្ខណៈពិសេសនិងកម្រិតខ្ពស់នៃទំនាក់ទំនងចិន-រុស្ស៊ីជាបឋម គឺបង្ហាញនៅត្រង់មូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការកសាងទំនុកចិត្តគ្នា ខាងនយោបាយ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរ បានចេញផ្សាយលើកនេះ រុស្ស៊ីបានរំលឹកឡើងវិញ នូវការគោរពគោលការណ៍ចិនតែមួយ និងប្រឆាំងការប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យទោះតាមទម្រង់ណាក៏ដោយ។ ដោយឡែកប្រទេសចិនសម្តែង ការគាំទ្រចំពោះរុស្ស៊ីក្នុងការគាំពារសន្តិសុខនិងស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាព អធិបតេយ្យភាពនិងបូរណភាព ដែនដីរបស់ប្រទេសខ្លួន ព្រមទាំងប្រឆាំងកម្លាំងខាងក្រៅ មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ។ លោកប្រធានាធិបតី ភូទីន បានសង្កត់ធ្ងន់ថា "ការអភិវឌ្ឍរបស់ប្រទេសចិន គឺមិនអាចរារាំងបានទេ ហើយគ្មានកម្លាំងណាមួយអាចទប់ស្កាត់ ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិន បានឡើយ"។

កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាចំណុចលេចធ្លោមួយនៃទំនាក់ទំនងចិន-រុស្ស៊ី ។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី ២ សែន ៤ ម៉ឺនលានដុល្លារអាមេរិក ហើយប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយ របស់រុស្ស៊ីក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា។ អ្នកវិភាគបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ីមានចន្លោះ សហប្រតិបត្តិការដ៏ទូលំទូលាយ ក្នុងវិស័យងើបឡើងថ្មី ដូចជា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ធុរកិច្ចអេឡិចត្រូនិកឆ្លងដែន និងការផលិតរថយន្តជាដើម ដែលនឹងជំរុញយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ ពិភពលោកមានភាពរង្គោះរង្គើ ហើយការប៉ះទង្គិចក្នុងតំបន់បានកើតឡើងជាញឹកញាប់។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិននិងរុស្ស៊ីសុទ្ធតែគាំពារយ៉ាងមុតមាំ នូវការគាំពារប្រព័ន្ធអន្តរជាតិដែលចាត់ទុក អង្គការសហប្រជាជាតិជាស្នូល និងគាំពាររបៀបរៀបរយអន្តរជាតិ ដែលតម្កល់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ហើយផ្តួចផ្តើមឱ្យអនុវត្តពហុភាគីនិយម ដ៏ពិតប្រាកដ។ ភាគីទាំងពីរយល់ឃើញជាឯកច្ឆន្ទថា ត្រូវដោះស្រាយបញ្ហាប៉ាឡេស្ទីន ដោយឈរលើមូលដ្ឋាននៃ "ដំណោះស្រាយរដ្ឋពីរ"។ រុស្ស៊ីស្វាគមន៍ប្រទេសចិនបន្តដើរតួនាទីដ៏សំខាន់ និងមានលក្ខណ:ស្ថាបនា ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ។

ឆ្ពោះទៅរកអនាគត ចិននិងរុស្ស៊ីដែលជាអ្នកជិតខាងល្អ មិត្តល្អនិងជាដៃគូល្អទាំងពីរនេះ នឹងពួតដៃគ្នារីកចម្រើនទៅមុខ ដើម្បីជួយដល់ការអភិវឌ្ឍ និងការស្តារឡើងវិញរៀងៗខ្លួន។ ដោយឡែកវិបុលភាពនិងស្ថិរភាពនៃពិភពលោក ក៏នឹងទទួលបានថាមពលវិជ្ជមានកាន់តែច្រើនផងដែរ៕