(តៃប៉ិ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នឹងបង្ហាញពីចេតនាល្អជាក់ស្តែង ចំពោះប្រទេសចិននៅក្នុងសុន្ទរកថា នៅឯពិធីស្បថចូលកាន់តំណែងរបស់លោកនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ហើយអំពាវនាវឱ្យភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់បន្តសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

មន្ត្រីរូបនេះដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក Lai ដែលបានបម្រើការជាអនុប្រធានាធិបតីក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោកស្រី Tsai Ing-wen អស់រយៈពេលបួនឆ្នាំមកនេះ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

ប្រភពដដែលបានឱ្យដឹងទៀតថា លោក Lai នឹងសន្យារក្សាស្ថានភាពដដែលជាមួយប្រទេសចិន ដោយប្រកាន់យកគោលជំហរមួយ ដែលត្រូវបានពិពណ៌នាថា ធ្វើឱ្យមានតុល្យភាព «ដោយមិនរឹងទទឹងពេក ឬស្លូតពេកនោះទេ»

កាលពីសប្តាហ៍មុន ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ដែលឆ្លើយតបទៅនឹងសំណួរស្តីពីពិធីស្បថចូលកាន់តំណែងនោះបានព្រមានថា លោក Lai ដែលខ្លួនហៅថា «មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់» ត្រូវតែធ្វើការជ្រើសរើសច្បាស់លាស់រវាងការអភិវឌ្ឍន៍ដោយសន្តិវិធី ឬការប្រឈមមុខដាក់គ្នា។

គួរជម្រាបថា​ លោក Lai ដែលបានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ កាលពីខែមករា ដើមឆ្នាំ២០២៤នេះ ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋ ដ៏គ្រោះថ្នាក់មួយរូប។

តៃវ៉ាន់ត្រូវប្រទេសចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយនៃទឹកដីរបស់ខ្លួន ហើយចិនបានធ្វើសកម្មភាពយោធា ជាប្រចាំសឹងតែរាល់ថ្ងៃ នៅក្បែរដែនកោះនេះ ជាមួយវត្តមានយន្តហោះ និងនាវាយោធា។ អំឡុងពេលប៉ុន្មានខែចុងក្រោយ ចិនក៏បាន​បង្កើនការបញ្ជូននាវាឆ្មាំសមុទ្ររបស់ខ្លួន មកក្បែរៗកោះ Kinmen ដែលគ្រប់គ្រងដោយតៃវ៉ាន់ផងដែរ ខណៈវាស្ថិតនៅចម្ងាយត្រឹមតែ ​៥គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរនៃទីក្រុង Xiamen របស់ចិន៕