(អ៊ីរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បាននិយាយថា ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ បានធ្លាក់កាលពីថ្ងៃអាទិត្យ ខណៈកំពុងឆ្លងកាត់តំបន់ភ្នំដែលហ៊ុំព័ទ្ធដោយអ័ព្ទក្រាស់ នៅតាមផ្លូវត្រឡប់ពីដំណើរទស្សនកិច្ចនៅប្រទេស Azerbaijan។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យនៅជិតទីក្រុង Jolfa ក្នុងខេត្ត East Azerbaijan របស់ប្រទេសអ៊ីរ៉ង់។ មួយថ្ងៃមុននេះ លោក Raisi បានស្ថិតនៅក្នុងប្រទេសជិតខាង Azerbaijan ដើម្បីបើកសម្ភោធទំនប់ទឹកជាមួយសមភាគី លោក Ilham Aliyev ។

ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងរដ្ឋ បានគូសបញ្ជាក់ថា នៅក្នុងក្បួនរបស់ប្រធានាធិបតីអ៊ីរ៉ង់ មានឧទ្ធម្ភាគចក្រចំនួនបីគ្រឿង ដោយពីរគ្រឿងបានត្រឡប់មកវិញដោយសុវត្ថិភាព។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ahmad Vahidi បានប្រាប់ទូរទស្សន៍រដ្ឋថា ក្រុមជួយសង្គ្រោះជាច្រើនកំពុងព្យាយាមទៅដល់ទីតាំងនៃឧប្បត្តិវហេតុនេះ ប៉ុន្តែវាប្រហែលជាត្រូវការពេលវេលាខ្លះ ដោយសារអ័ព្ទ និងលក្ខខណ្ឌអាកាសធាតុមិនល្អ៕