(មូស្គូ)៖ ទីក្រុងមូស្គូ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភានេះបានឱ្យដឹងថារុស្ស៉ី​បានបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់ប្រទេសអ៉ីរ៉ង់ ដើម្បីជួយស្វែងរក ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៉ី បានបញ្ជាក់ថាការបញ្ជូនក្រុមអ្នកជួយសង្រ្គោះ ធ្វើឡើងតបតាមសំណើរបស់ភាគី អ៉ីរ៉ង់ ដើម្បីជួយដល់ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរក។ ក្រសួងបន្ថែមថាអ្នកជួយសង្រ្គោះរុស្ស៉ីមានអ្នកជំនាញ៤៧នាក់ រួមជាមួយបរិក្ខារ ចាំបាច់នានា និងឧទ្ធម្ភាគចក្រ BO-105 ផងដែរ ដែលនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Tabriz នៃភាគពាយព្យប្រទេសអ៉ីរ៉ង់។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។

លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ​ទស្សនកិច្ច​នៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ​ទំនប់​ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។

ដំបូងឡើយ ឧទ្ធម្ភាចក្ររបស់លោក រ៉ៃស៊ី ត្រូវបានរាយការណ៍ថាបានមានបញ្ហាត្រូវចុះចតជាបន្ទាន់ នៅ​តំបន់ព្រៃ Dizmar ស្ថិនៅចន្លោះទីក្រុង Varzaqan និងទីក្រុង Jolfa ក្នុងខេត្ត East Azerbaijan ប្រទេសអ៉ីរ៉ង់ ស្ថិតនៅ​ក្បែរ​ព្រំដែនអាស៊ែបៃហ្សង់។ តែក្រោយមកទើបខាងប្រព័ន្ធផ្សព្វផ្សាយ អ៉ីរ៉ង់បានបញ្ជាក់ថាឧទ្ធម្ភាគចក្រនេះបានធ្លាក់ដោយសារតែអាកាសធាតុអាក្រក់ និងអ័ព្ទខ្លាំងពេក៕