(តៃប៉ិ)៖ លោក Lai Ching-te នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ នៅឯពិធីស្បថចូល កាន់តំណែងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាមេដឹកនាំរងរបស់លោក Lai ផងដែរ។ លោក Lai ផ្ទាល់ធ្លាប់ជា មេដឹកនាំរង (អនុប្រធានាធិបតី) នៅក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai។

លោក Lai Ching-te បានសន្យាថាលោកនឹងបន្តដើរតាមគោលនយោបាយរបស់លោកស្រី Tsai ដឹកនាំតៃវ៉ាន់ដោយឯករាជ្យ ហើយក៏នឹងមិនបង្ករឿង ជាមួយចិននោះដែរ។ ប៉ុន្តែ ទីក្រុងប៉េកាំងបានចាត់ទុកថាលោក Lai មានអាយុ៦៤ឆ្នាំ ជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ដែលអាចបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។

ខាងក្រោមនេះគឺជាប្រវតិ្តសង្ខេបរបស់លោក Lai Ching-te៖

ផ្ទុយពីអ្នកនយោបាយតៃវ៉ាន់មួយភាគធំដែលសុទ្ធសឹងមានដើមកំណើតចេញពីត្រកូលគ្រួសារអ្នកមាន ឬឥស្សរជននយោបាយ លោក Lai Ching-te ឬ William Lai កើត និងធំដឹងក្ដីចេញពីគ្រួសារមានជីវភាពខ្សត់ខ្សោយមួយ។ លោក Lai កើតក្នុងឆ្នាំ១៩៥៩ ត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយម្ដាយ រួមជាមួយបងប្អូន៥នាក់ ទៀតក្នុងស្រុក Wanli នៃទីក្រុង New Taipei City បន្ទាប់ពីឪពុករបស់លោកដែលជាកម្មករអណ្ដូងរ៉ែធ្យូងថ្មបានស្លាប់ តាំងពីតែ លោកនៅកុមារភាពម្ល៉េះ។

លោក Lai ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ National Taiwan University និងសញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ មកពី សាកលវិទ្យាល័យ National Cheng Kung University។ ក្រោយមកទៀត លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតសុខាភិបាលសាធារណៈមកពី សាកលវិទ្យាល័យ Harvard ដែលនេះបានធ្វើឱ្យរូបលោកស្ថិតនៅក្នុង ចំណោមអ្នកជំនាញសុខាភិបាលសាធារណៈល្បីៗនៅតៃវ៉ាន់។

ក្នុងឆ្នាំ១៩៩៤ ជាពេលដែលលោកមានតួនាទីជាប្រធានម្នាក់នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យ National Cheng Kung University Hospital ហើយតៃវ៉ាន់រៀបចំការបោះឆ្នោតដោយផ្ទាល់ ជាលើកដំបូងរបស់ខ្លួន ដើម្បីជ្រើសរើសអភិបាលក្រុង លោក Lai Ching-te បានចាប់ផ្ដើមចូលរួមក្នុង កិច្ចការសាធារណៈ និងនយោបាយបន្តិចម្ដងៗ ក្នុងនាមជាប្រធានសមាគមគ្រូពេទ្យទីក្រុង Tainan។

រហូតដល់នៅអំឡុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩៦ ទើបរូបលោកបានបោះបង់ចោលអាជីពជាគ្រូពេទ្យ ដើម្បីប្រឡូកចូលក្នុងឆាកនយោបាយ។ លោក Lai បានក្លាយជាតំណាងរាស្ត្រតៃវ៉ាន់ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ និងធ្លាប់ជាអតីត ចៅហ្វាយក្រុងដ៏មានប្រជាប្រិយភាពនៃទីក្រុង Tainan ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់៕