(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានបាត់ខ្លួន ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។

លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ​ទស្សនកិច្ច​នៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ​ទំនប់​ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។

ដំបូងឡើយ ឧទ្ធម្ភាចក្ររបស់លោក រ៉ៃស៊ី ត្រូវបានរាយការណ៍ថាបានមានបញ្ហាត្រូវចុះចតជាបន្ទាន់ នៅ​តំបន់ព្រៃ Dizmar ស្ថិនៅចន្លោះទីក្រុង Varzaqan និងទីក្រុង Jolfa ក្នុងខេត្ត East Azerbaijan ប្រទេសអ៉ីរ៉ង់ ស្ថិតនៅ​ក្បែរ​ព្រំដែនអាស៊ែបៃហ្សង់។ តែក្រោយមកទើបខាងប្រព័ន្ធផ្សព្វផ្សាយ អ៉ីរ៉ង់បានបញ្ជាក់ថាឧទ្ធម្ភាគចក្រនេះបានធ្លាក់ដោយសារតែអាកាសធាតុអាក្រក់ និងអ័ព្ទខ្លាំងពេក។ បច្ចុប្បន្ន ក្រុមអ្នកជួយសង្រ្គោះកំពុងប្រឹងប្រែងទៅឱ្យ ដល់កន្លែងឧទ្ធម្ភាគចក្រធ្លាក់។

ក្រោយទទួលដំណឹងនេះដែរ ក្រសួងការបរទេសចិនតាមរយៈការស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បាននិយាយថាចិនមានការព្រួយបារម្ភជា ខ្លាំងអំពីបញ្ហាចុះចតរបស់ឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតី Raisi ហើយយើងសង្ឃឹមថាលោកប្រធានាធិបតី Raisi និងអ្នកនៅលើនោះទាំងអស់មាន សុវត្ថិភាព។ ក្រសួងបន្ថែមទៀតថាចិននឹងផ្ដល់រាល់ការគាំទ្រចាំបាច់នានា ហើយនឹងជួយភាគីអ៉ីរ៉ង់នៅក្នុងប្រតិបតិ្តការជួយសង្រ្គោះ៕