(AFP)​៖ ប្រមុខអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃចន្ទ ទី២០ ខែឧសភានេះថាក្រុមអ្នកជួយសង្រ្គោះបានរកឃើញ ឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Ebrahim Raisi ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប៉ុន្តែ ខាងអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ មិនបានផ្ដល់ព័ត៌មានលម្អិតថាតើលោកប្រធានាធិបតី និងអ្នករួមដំណើរជាមួយលោកនៅរស់រានមានជីវិតដែរ ឬក៏យ៉ាងណានោះទេ?

ប្រមុខអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ លោក Pirhossein Koolivand បានគូសបញ្ជាក់ដូច្នេះថា «ឧទ្ធម្ភាគចក្រត្រូវបានរកឃើញហើយ។ ឥលូវ យើងកំពុងឆ្ពោះ ទៅកាន់ឧទ្ធម្ភាគចក្រ។ លោកបន្ថែមស្ថានភាពមិនល្អនោះទេ។

ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។

លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ​ទស្សនកិច្ច​នៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ​ទំនប់​ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ប្រព័ន្ធផ្សព្វផ្សាយ អ៉ីរ៉ង់បានបញ្ជាក់ជាបឋមថាឧទ្ធម្ភាគចក្រនេះបានធ្លាក់ដោយសារតែអាកាសធាតុអាក្រក់ និងអ័ព្ទខ្លាំងពេក៕