(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បាននិយាយថាមិនមានសញ្ញាណាមួយបង្ហាញថាលោក​ប្រធានាធិបតី លោក Ebrahim Raisi រួមទាំងមន្ត្រីជិះនៅលើនោះ នៅរស់រានមានជីវិតនោះទេ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកត្រូវបានរកឃើញនៅថ្ងៃចន្ទ ទី២០ ខែឧសភានេះ។ នេះបើតាមដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

«ឧទ្ធម្ភាគចក្រត្រូវបានរកឃើញ តែមិនមានសញ្ញាថាអ្នកជិះលើឧទ្ធម្ភាគចក្រនៅមានជីវិតនោះទេ ក្នុងខណៈពេលនេះ»។ នេះជាការបញ្ជាក់របស់ទូរទស្សន៍ រដ្ឋអ៉ីរ៉ង់។

ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។

លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ​ទស្សនកិច្ច​នៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ​ទំនប់​ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានបញ្ជាក់ជាបឋមថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់ដោយសារតែអាកាសធាតុអាក្រក់ និងអ័ព្ទខ្លាំងពេក។

ប្រមុខអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃចន្ទ ទី២០ ខែឧសភានេះថាក្រុមអ្នកជួយសង្រ្គោះបានរកឃើញឧទ្ធម្ភាគចក្រ របស់លោកប្រធានាធិបតី Ebrahim Raisi ហើយ។ ប៉ុន្តែ ខាងអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ មិនបានផ្ដល់ព័ត៌មានលម្អិតថាតើលោកប្រធានាធិបតី និងអ្នករួមដំណើរជាមួយលោកនៅរស់រានមានជីវិតដែរ ឬក៏យ៉ាងណានោះទេ?

ប្រមុខអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ លោក Pirhossein Koolivand បានគូសបញ្ជាក់ដូច្នេះថា «ឧទ្ធម្ភាគចក្រត្រូវបានរកឃើញហើយ។ ឥលូវ យើងកំពុងឆ្ពោះ ទៅកាន់ឧទ្ធម្ភាគចក្រ។ លោកបន្ថែមស្ថានភាពមិនល្អនោះទេ៕