(ហែលស៉ិនគី)៖ នាយករដ្ឋមន្រ្តី លោក Petteri Orpo បាននិយាយថា ហ្វាំងឡង់នឹងដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយ នាសប្តាហ៍ក្រោយ ដែលអនុញ្ញាតឱ្យភ្នាក់ងារតាមព្រំដែន រារាំងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលព្យាយាមចូលមកពីប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ ២០២៤។

ហ្វាំងឡង់ បានបិទព្រំដែនជាមួយរុស្ស៉ីរួចទៅហើយចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ដើម្បីបញ្ឈប់លំហូរជនចំណាកស្រុក រួមទាំងមកពីស៉ីរី និងសូម៉ាលី ហើយចោទទីក្រុងមូស្គូ ប្រើប្រាស់ការធ្វើចំណាកស្រុកជាអាវុធប្រឆាំងនឹងប្រទេសរបស់ខ្លួន ក៏ដូចជាសហភាពអឺរ៉ុប តែវិមានក្រឹមឡាំងបានបដិសេធ។

សេចក្តីព្រាងច្បាប់ស្នើឡើងដោយក្រុមចម្រុះនៃរដ្ឋាភិបាលស្តាំនិយម ចាត់ទុកថាការបង្វែរឱ្យជនចំណាកស្រុកត្រឡប់ទៅរុស្ស៉ីវិញ តាមរយៈការមិនទទួលយកពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេ នឹងបំពានលើការគោរពសិទ្ធិមនុស្សអន្តរជាតិរបស់ហ្វាំងឡង់ ប៉ុន្តែថាការប្រើប្រាស់ច្បាប់នេះ គួរតែធ្វើឡើងបណ្តោះអាសន្ន និងមានកម្រិត។

លោក Orpo បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «សេចក្តីព្រាងច្បាប់នេះនឹងដាក់ជូនសភា នៅសប្តាហ៍ក្រោយ ដោយត្រូវការសំឡេង ៥ភាគ ៦ដើម្បីអនុម័ត ហើយមានឧបសគ្គខ្ពស់ផ្នែករដ្ឋធម្មនុញ្ញ និងមិនប្រាកដថាជោគជ័យទេ។ ប៉ុន្តែដោយសារបញ្ហានេះឋិតក្នុងដៃរុស្ស៉ី ទោះជាអ្នកណាមកពីណា និងពេលណាគឺទៅកាន់ព្រំដែននៃហ្វាំងឡង់ ដូច្នេះយើងមិនអាចអនុញ្ញាតឱ្យស្ថានភាពនេះបន្តបានទេ។ យើងត្រូវតែពង្រឹងច្បាប់»

គួរបញ្ជាក់ថា បើតាមឆ្មាំព្រំដែន ជនចំណាកស្រុកតិចជាង ៤០នាក់ បានឆ្លងកាត់ព្រំដែនពីរុស្ស៉ីតាមរយៈវាលរហោស្ថានក្នុងឆ្នាំនេះ ចាប់តាំងពីហ្វាំងឡង់បិទច្រកព្រំដែន ខណៈដែលប្រហែល ១,៣០០នាក់បានមកដល់ហ្វាំងឡង់ កាលពីឆ្នាំមុន តាមផ្លូវដែកមួយដែលនៅបើកសម្រាប់ការដឹកជញ្ជូនទំនិញ៕