(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានទទួលមរណភាពហើយ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ លោកបានធ្លាក់នៅតំបន់ព្រៃភ្នំមួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។ លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពី ធ្វើទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ជាមួយ អាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA បានឱ្យដឹងទៀតថាឧទ្ធម្ភាគចក្រដែលលោក រ៉ៃស៊ី ជិះគឺជាឧទ្ធម្ភាគចក្រប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក រីឯមូលហេតុធ្លាក់ត្រូវបានអះអាងជាបឋមថាមកពីអាកាសធាតុអាក្រក់។ ខាងក្រោមជាប្រវត្តិសង្ខេបរបស់លោក៖

* ព័ត៌មានផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីអ៉ីរ៉ង់ Ebrahim Raisi

ឈ្មោះផ្លូវការ៖ Sayyid Ebrahim Raisol-Sadati
ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០
ទីកន្លែងកំណើត៖ ទីក្រុង Mashhad ប្រទេសអ៉ីរ៉ង់
ឪពុកឈ្មោះ៖ Seyyed Haji
ម្ដាយឈ្មោះ៖ Sayyedeh Esmat Khodadad Husseini
លោក Raisi បានរៀបការជាមួយស្រ្តីម្នាក់មានឈ្មោះថា Jamileh Alamolhoda នៅឆ្នាំ១៩៨៣ និងកូនស្រី២នាក់
ការអប់រំ៖ បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់មកពីសាកលវិទ្យាល័យ Shahid Motahari University
ឪពុករបស់លោក Raisi បានស្លាប់ កាលលោកមានអាយុ៥ឆ្នាំ

* ប្រវត្តិការងារ

នៅដើមទសវត្សរ៍ឆ្នាំ១៩៨០៖ ជារដ្ឋអាជ្ញាប្រចាំទីក្រុង Karaj និងទីក្រុង Hamadan
ឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៨៖ រដ្ឋអាជ្ញារងប្រចាំទីក្រុងតេហេរ៉ង់
ឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤៖ អគ្គរដ្ឋអាជ្ញាប្រចាំទីក្រុងតេហេរ៉ង់
ឆ្នាំ១៩៩៤ ដល់២០០៤៖ កាន់តំណែងជាប្រធានដឹកនាំការស៊ើបអង្កេត និងប្រឆាំងអំពើពុករលួយ
ឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤៖ អនុប្រធានទី១នៃតុលាការអ៉ីរ៉ង់
ឆ្នាំ២០១៤ដល់ឆ្នាំ២០១៦៖ ជាអគ្គរដ្ឋអាជ្ញាអ៉ីរ៉ង់
នៅខែមីនា ឆ្នាំ២០១៩៖​ មេដឹកនាំកំពូលអ៉ីរ៉ង់លោក Ayatollah Khamenei តែងតាំងលោក Raisi ជាប្រធានតុលាការ
នៅខែមិថុនា ឆ្នាំ២០២១៖ ក្លាយជាប្រធានាធិបតីអ៉ីរ៉ង់ ដោយទទួលបានសំឡេងឆ្នោត ១៨លានសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុបជិត ២៩លានសន្លឹក។
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១៖ ស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់អ៉ីរ៉ង់ជាផ្លូវការ៕