(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិមួយចំនួន របស់សហរដ្ឋអាមេរិក ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការលក់អាវុធឱ្យទៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៣ រួមមាន General Atomics Aeronautical Systems, General Dynamics Land Systems ហើយនិង Boeing Defense, Space & Security នឹងត្រូវកត់ឈ្មោះ​ចូលបញ្ជីដាក់ទណ្ឌកម្មខាងលើ។ នៅក្រោមចំណាត់ការរបស់ទីក្រុងប៉េកាំង ក្រុមហ៊ុនទាំង៣ នឹងត្រូវហាមឃាត់មិនឱ្យចូលរួម ក្នុងសកម្មភាព​នាំចេញ-នាំចូលពាក់ព័ន្ធជាមួយចិនឡើយ ហើយក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការវិនិយោគថ្មីៗ នៅក្នុងប្រទេសចិនទេ។ រីឯនាយកៗជាន់ខ្ពស់របស់​ក្រុមហ៊ុនទាំងនេះ នឹងត្រូវជាប់បម្រាមមិនអាចចូលក្នុងទឹកដីចិន។

គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលលោក Lai Ching-te ស្បថចូលកាន់តំណែងផ្លូវការជាមេដឹកនាំថ្មីរបស់តៃវ៉ាន់។ កាលពីខែមេសាកន្លងទៅ សហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់របស់តៃវ៉ាន់ បានអនុម័តកញ្ចប់​ជំនួយយោធាយ៉ាងធំមួយ សម្រាប់ទីក្រុងតៃប៉ិ។ ទីក្រុងប៉េកាំងបានចេញមុខបង្ហាញ ភាពមិនពេញចិត្តជាខ្លាំងចំពោះកញ្ចប់ជំនួយយោធានោះ និង​បានព្រមានថា វានឹងបង្កើនហានិភ័យជម្លោះថែមទៀត នៅតំបន់ច្រកសមុទ្រតៃវ៉ាន់៕