(តេហេរ៉ង់)៖ គណៈរដ្ឋមន្រ្តីរបស់អ៉ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលអ៉ីរ៉ង់នឹងបន្តដំណើការ «ដោយគ្មានការំខានសូម្បីបន្តិច» បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី លោក Ebrahim Raisi ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ ២០២៤។

សេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា «យើងសូមធានាចំពោះប្រជាជាតិដ៏ស្មោះស្ម័គ្រថា នឹងបន្តបម្រើសេចក្តីត្រូវការទាំងអស់ ជាមួយនិងស្មារតីមិននឿយណាយរបស់មេដឹកនាំកំពូល លោក Ayatollah Raisi។ រដ្ឋាភិបាលនឹងបន្តដំណើការ ដោយគ្មានការរំខានសូម្បីបន្តិច»

គួរបញ្ជាក់ថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បានទទួលមរណភាពបន្ទាប់ពីធ្លាក់ឧទ្ធម្ភាគចក្រ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយ ដែលស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។ តាមច្បាប់អ៉ីរ៉ង់ ប្រសិនបើប្រធានាធិបតីស្លាប់ នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី តែត្រូវឆ្លងកាត់ការយល់ព្រមពីមេដឹកនាំ កំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei ដែលជាអ្នកមានសិទ្ធិសម្រេចគ្រប់រឿងនៅអ៉ីរ៉ង់។ ចំណែក ការបោះឆ្នោតសកលថ្មីមួយនឹង ត្រូវរៀបចំឡើងមិនឱ្យលើស៥០ថ្ងៃនោះទេ។ អនុប្រធានាធិបតីទី១របស់អ៉ីរ៉ង់សព្វថ្ងៃ គឺលោក Mohammad Mokhber៕