(តៃប៉ិ)៖ លោក Lai Ching-te ដែលជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ បានអំពាវនៅថ្ងៃចន្ទនេះ ឱ្យចិនបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយ ដោយនិយាយក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកថា សន្តិភាពគឺជាជម្រើសតែមួយគត់ ហើយទីក្រុងប៉េកាំងត្រូវតែគោរពការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ ២០២៤។

នៅចំពោះមុខមនុស្សជាច្រើនខាងក្រៅការិយាល័យមេដឹកនាំ ក្នុងទីក្រុងតៃប៉ិ លោក Lai បានរំលឹកឡើងវិញនូវការអំពាវនាវសម្រាប់ កិច្ចពិភាក្សាជាមួយចិន។ លោក Lai បញ្ជាក់ថា «ខ្ញុំក៏ចង់ជំរុញឱ្យចិនបញ្ឈប់ការបំភិតបំភ័យចំពោះតៃវ៉ាន់ ទាំងផ្នែកនយោបាយ និងយោធា ហើយទទួលយកការទទួលខុសត្រូវជាសកលជាមួយតៃវ៉ាន់ ក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ ដើម្បីធានាថាពិភពលោកគ្មានក្តីបារម្ភពីការផ្ទុះសង្រ្គាម»។ លោក Lai បានបន្ថែមថា «យើងសូមប្រកាសដល់ពិភពលោក៖ តៃវ៉ាន់ មិនធ្វើសម្បទានលើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពឡើយ។ សន្តិភាពគឺជាជម្រើសតែមួយគត់ ហើយវិបុលភាពគឺជាគោលដៅតបស់យើង សម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែង»

គួរបញ្ជាក់ថា ក្នុងពិធីស្បថចូលកាន់តំណែងរបស់ Lai មានអតីតក្រុមមន្រ្តីអាមេរិកក្រោមអាណត្តិរបស់ លោក បៃដិន សមាជិកសភាមកពីប្រទេសមួយចំនួន រួមទាំងជប៉ុន អាល្លឺម៉ង់ និងកាណាដា ក៏ដូចជាមេដឹកនាំមកពីប្រទេសចំនួន ១២ ដែលនៅតែរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ រដ្ឋមន្រ្តីការបរទេស លោក Antony Blinken បានសម្តែងការអបអរសារទរ ហើយថា សហរដ្ឋអាមេរិកទន្ទឹងរង់ចំាធ្វើការជាមួយរូបលោក៕