(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ព្រមទាំងរដ្ឋមន្រ្តីការបរទេសរបស់លោក បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំ ពេលត្រឡប់មកពីបំពេញទស្សនកិច្ច នៅប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ តើឧទ្ធម្ភាគចក្រ ដែលលោកជិះធ្វើដំណើរនោះ មានប្រភេទអ្វីដែរ?

វាគឺជាឧទ្ធម្ភាគចក្រម៉ូដែល Bell 212 ដែលផលិតឡើងដំបូង ដោយក្រុមហ៊ុនអាមេរិក Bell Helicopter (ឥឡូវប្តូរឈ្មោះមកជា Bell Textron) តាំងតែពីអំឡុងចុងទសវត្សរ៍ ឆ្នាំ១៩៦០មកម្ល៉េះ។ ឧទ្ធម្ភាគចក្រប្រភេទនេះ ត្រូវបានរចនាឡើងសម្រាប់ឱ្យអាចប្រើប្រាស់បាន ក្នុងគោលដៅចម្រុះបែប រួមមានទាំងដឹកអ្នកដំណើរ ពន្លត់អគ្គិភ័យ ដឹកជញ្ជូន និងបំពាក់អាវុធ ជាដើម។ វាជាឧទ្ធម្ភាគចក្រមានទំហំខ្លួនមធ្យម ដែលអាចផ្ទុកមនុស្សបាន១៥នាក់ ពោលគឺអ្នកបើកបរម្នាក់ និងអ្នកដំណើរ១៤នាក់។ ឧទ្ធម្ភាគចក្រ Bell 212 មានការប្រើប្រាស់យ៉ាង​ទូលំទូលាយ នៅជុំវិញពិភពលោក ទាំងដោយប្រតិបត្តិកររដ្ឋាភិបាល ក៏ដូចជាទាំងដោយប្រតិបត្តិករឯកជន។

ម៉ូដែលរបស់អ៉ីរ៉ង់ ដែលធ្លាក់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ គឺសម្រាប់ដឹកជញ្ជូនអ្នកដំណើរជាមន្រ្តីរដ្ឋាភិបាល។ គេមិនច្បាស់នោះទេថា ឧទ្ធម្ភាគចក្រ Bell 212 ប៉ុន្មានគ្រឿងឱ្យប្រាកដ ដែលរដ្ឋាភិបាលអ៉ីរ៉ង់ ធ្វើប្រតិបត្តិការ ប៉ុន្តែបើយោងតាមបញ្ជី 2024 World Air Forces របស់វែបសាយ FlightGlobal កងទ័ពអាកាស និងកងទ័ពជើងទឹកអ៉ីរ៉ង់ មានឧទ្ធម្ភាគចក្រនេះសរុប១០គ្រឿង។

គួរបញ្ជាក់ថា បើតាម Flight Safety Foundation ដែលជាអង្គការមួយ ផ្តោតទៅលើសុវត្ថិភាពអាកាសចរណ៍ មុនហេតុការណ៍កាលពីថ្ងៃអាទិត្យ ឧបទ្ទវហេតុធ្លាក់មានមនុស្សស្លាប់ នៃឧទ្ធម្ភាគចក្រ Bell 212 ចុងក្រោយបង្អស់ គឺបានកើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២៣ នៅពេល Bell 212 ១គ្រឿង ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនឯកជន បានធ្លាក់នៅក្បែរឆ្នេរប្រទេសអាមីរ៉ាតអារ៉ាប់រួម។ រីឯករណីធ្លាក់ឧទ្ធម្ភាគចក្រ Bell 212 ចុងក្រោយបំផុត នៅក្នុងប្រទេសអ៉ីរ៉ង់ផ្ទាល់ គឺកាលពីឆ្នាំ២០១៨ ដែលមានមនុស្ស៤នាក់ បានបាត់បង់ជីវិត។ ក្នុងគ្រោះថ្នាក់កាលពីថ្ងៃអាទិត្យ ឧទ្ធម្ភាគចក្រ Bell 212 ដែលដឹកលោកប្រធានាធីបតីអ៉ីរ៉ង់ បានធ្លាក់ហើយត្រូវភ្លើងឆេះខ្ទេចខ្ទី ដោយនៅ​សល់តែផ្នែកកន្ទុយបន្តិចប៉ុណ្ណោះ៕