(តេហេរ៉ង់)៖ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ គឺលោក Ayatollah Ali Khamenei នាថ្ងៃចន្ទនេះ បានប្រកាសឱ្យមានការកាន់ទុក្ខ សរុបរយៈពេល៥ថ្ងៃ នៅទូទាំងប្រទេស សម្រាប់ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ដែលបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

លោក Khamenei បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា «ខ្ញុំប្រកាសឱ្យមានការកាន់ទុក្ខជាសាធារណៈរយៈពេល៥ថ្ងៃ ហើយខ្ញុំសូមសម្តែង ការចូលរួមរំលែកទុក្ខ ទៅកាន់ប្រជាជនអ៉ីរ៉ង់ទាំងអស់»។ លោក Khamenei បានចេញសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីលោក Raisi និងរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian រួមជាមួយមន្រ្តីអ៉ីរ៉ង់មួយចំនួនទៀត បានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅខេត្ត East Azerbaijan។

គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោក Khamenei បានបន្តថា ដោយស្របតាមមាត្រា១៣១ នៃរដ្ឋធម្មនុញ្ញរបស់អ៉ីរ៉ង់ អនុប្រធានាធិបតីអ៉ីរ៉ង់ លោក Mohammad Mokhber នឹងត្រូវបន្ទួលបន្ទុកជាស្តីទីដឹកនាំស្ថាប័ននីតិប្រតិបត្តិ គឺរដ្ឋាភិបាល ហើយលោក Mokhber ក៏ត្រូវធ្វើការជាមួយប្រធានស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ ដើម្បីរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងរយៈពេល៥០ថ្ងៃ ចាប់ពីពេលនេះទៅ ផងដែរ៕