(វ៉ាស៊ីនតោន)៖ ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២០ ខែឧសភា បាននិយាយថាទីក្រុងវ៉ាស៊ីនតោនមិនមានផែនការបញ្ជូនអ្នកជំនាញការយោធា ទៅកាន់អ៊ុយក្រែនឡើយ តែអាចនឹងធ្វើដូច្នេះនៅពេលដែលសង្រ្គាមបិទបញ្ចប់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ Charles Q. Brown ធ្វើឡើង បន្ទាប់ពីប្រទេសបារាំងបានបើកភ្លើងបៃតងបញ្ជូន អ្នកជំនាញការយោធាទៅជួយបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន។ លោក Brown បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន មិនមានឡើយ ផែនការបញ្ជូនអ្នកជំនាញការយោធាអាមេរិកទៅកាន់អ៊ុយក្រែន»។ លោកបន្តថានៅពេលសង្រ្គាមបញ្ចប់ ហើយស្ថានការណ៍អំណោយផល នោះសហរដ្ឋអាមេរិកអាចនឹង បញ្ជូនអ្នកជំនាញការយោធាត្រឡប់ទៅកាន់អ៊ុយក្រែនសាជាថ្មី។

សហរដ្ឋអាមេរិកធ្លាប់មានអ្នកជំនាញការយោធា ១៥០នាក់នៅក្នុងប្រទេសអ៊ុយក្រែន។ តែពួកគេបានចាកចេញពីអ៊ុយក្រែន ក្រោយរុស្ស៉ីបញ្ជូនកងទ័ពវាយលុកចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា លោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីខែកុម្ភៈកន្លងទៅ បានប្រកាសជាសាធារណៈពីលទ្ធភាពបញ្ជូនកងទ័ពអឺរ៉ុបទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែ នៅពេលនោះដែរ មេដឹកនាំអឺរ៉ុបផ្សេងទៀតបានជំទាស់នឹងគំនិតនេះ ហើយរដ្ឋមន្ត្រីការបរទេសរបស់លោក ម៉ាក្រុង ក៏បានព្យាយាមពន្យល់បន្ថែមផងដែរដោយបញ្ជាក់ថា ទីក្រុងប៉ារីសអាចនឹងបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន សម្រាប់តម្រូវជាក់លាក់មួយចំនួន តែមិនមែនដើម្បីប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីនោះទេ៕