(ប៉ារីស)៖ បារាំង នៅថ្ងៃចន្ទ ទី២០ ខែឧសភា (ម៉ោងនៅទីក្រុងប៉ារីស) បាននិយាយថាខ្លួនគាំទ្រដល់ឯករាជ្យភាពរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បន្ទាប់ពីរដ្ឋអាជ្ញាតុលាការ អន្តរជាតិមួយនេះបានស្នើសុំដីកាចាប់ខ្លួនថ្នាក់ដឹកនាំអ៉ីស្រាអែល ក្នុងនោះមានទាំងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងមេដឹកនាំរបស់ក្រុមហាម៉ាស ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសបារាំង បានគូសបញ្ជាក់ដូច្នេះថា «បារាំងគាំទ្រតុលាការព្រហ្មទណ្ឌអន្តរជាតិ ឯករាជ្យភាពរបស់តុលាការ និងការប្រយុទ្ធប្រឆាំងនឹង រាល់អំពើនិទណ្ឌភាពនៅគ្រប់ស្ថានការណ៍ទាំងអស់»។ ជាមួយគ្នា ក្រសួងក៏បានថ្កោលទោសផងដែរការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនដោយក្រុមហាម៉ាសលើអ៉ីស្រាអែល ខណៈព្រមានអ៉ីស្រាអែលពីភាពចាំបាច់ក្នុងការគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បាននិយាយថាលោកផ្ទាល់បានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu រួមទាំង រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant និងមេដឹកនាំហាម៉ាស លោក Yahya Sinwar និងមេដឹកនាំហាម៉ាស ២នាក់ទៀត ជុំវិញការចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្រ្គាម។ តែទាំងអ៉ីស្រាអែល និងហាម៉ាសសុទ្ធតែបង្ហាញការខឹងសម្បារ និងថ្កោលទោសការស្នើសុំដីកាចាប់ខ្លួនប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ពួកគេ។

តាមលោករដ្ឋអាជ្ញា Karim Khan អ៉ីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបានចោទប្រកាន់អ៉ីស្រាអែលថាកំពុងវាយប្រហារជាលក្ខណៈប្រព័ន្ធប្រឆាំងនឹង ជនស៊ីវិលប៉ាឡេស្ទីន និងប្រើប្រាស់គ្រោះទុរភិក្សជាអាវុធ។ រដ្ឋអាជ្ញារូបនេះក៏បានលើកឡើងដែរថាមេដឹកនាំហាម៉ាស ក្នុងនោះរួមមានលោក Ismail Haniyeh និងលោក Yahya Sinwar ជាអ្នកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដែលបានប្រព្រឹត្តក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល៕