(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះបាននិយាយថាចិនជំទាស់ដាច់ខាត ចំពោះការធ្វើទស្សនកិច្ចរបស់អ្នកតំណាងរាស្ត្រជប៉ុន នៅកោះតៃវ៉ាន់ និងបានសម្ដែងការជំទាស់យ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុន និងអ្នកនយោបាយមួយចំនួន មិនបានអើពើទេចំពោះការជំទាស់យ៉ាងខ្លាំងរបស់ចិន ហើយ បានអបអរសាទរលោក Lai ទៀតផង។ ជាមួយគ្នានោះដែរ ស្ថានទូតចិនប្រចាំកូរ៉េខាងត្បូង ក៏បានថ្កោលទោស និងសម្ដែងការជំទាស់ទៅនឹងការធ្វើទស្សនកិច្ចរបស់អ្នកតំណាងរាស្ត្រ កូរ៉េខាងត្បូងទៅកាន់កោះតៃវ៉ាន់ ដើម្បីចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Lai ផងដែរ ដោយចាត់ទុកថាការធ្វើបែបនេះគឺដើរផ្ទុយពីភាពជាដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រចិននិងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា លោក Lai Ching-te បានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់កាលពីថ្ងៃចន្ទម្សិលមិញ ហើយលោកបានស្នើឱ្យចិនបញ្ឈប់ការសម្លុតគំរាមខាងយោធា និងនយោបាយ ជាមួយការសង្កត់ធ្ងន់ថាសន្តិភាពជាជម្រើសតែមួយគត់ ហើយថាប៉េកាំងគួរតែគោរពការជ្រើសរើសរបស់ប្រជាជនតៃវ៉ាន់៕