(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារ​ចូលរួមរំលែកទុក្ខទៅកាន់ប្រទេសអ៉ីរ៉ង់ ជុំវិញមរណភាពរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសាររំលែកទុក្ខខាងលើ លោក គីម ជុងអ៊ុន បាននិយាយថា មរណភាពរបស់លោក Raisi គឺជាការបាត់បង់យ៉ាងធំធេងមួយសម្រាប់អ៉ីរ៉ង់ ហើយរូបលោកសង្ឃឹមថា គ្រួសារនៃជនរងគ្រោះទាំងអស់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនោះ នឹងឆ្លងផុតវេលាដ៏សោកសៅនេះ ក្នុងពេល​ឆាប់ៗ។ លោក គីម បានបន្តទៀតថា លោក Raisi គឺជាបុរសរដ្ឋឆ្នើមមួយរូប និងជាមិត្តជិតស្និទ្ធម្នាក់ ដែលបានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងបុព្វហេតុរបស់ប្រជាជាតិអ៉ីរ៉ង់ ដើម្បីរក្សាការពារអធិបតេយ្យ ការអភិវឌ្ឍ និងផលប្រយោជន៍ នៃប្រទេសរបស់ពួកគេ។

គួរបញ្ជាក់ថា កូរ៉េខាងជើងនិងអ៉ីរ៉ង់ គឺជាប្រទេសដែលមានចំណងទាក់ទងជិតស្និទ្ធ ហើយត្រូវគេសង្ស័យថា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ជុំវិញកម្មវិធីអភិវឌ្ឍមីស៉ីលបាលិស្ទីគ ពោលគឺទំនងអាចបានដោះដូរជំនាញផ្នែកបច្ចេកទេស ជាមួយគ្នា៕