(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានតែងតាំង អតីតអនុរដ្ឋមន្រ្តីសេដ្ឋកិច្ចលោក Oleg Savelyev ជាអនុរដ្ឋមន្រ្តីនៃក្រសួងការពារជាតិ ខណៈវាគឺជាសញ្ញាមួយទៀត បង្ហាញឱ្យឃើញពីចេតនាចម្បងរបស់លោក ពូទីន ក្នុងការបង្កើនប្រសិទ្ធភាព នៃសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។

កាលពីសប្តាហ៍មុន លោក ពូទីន បានបង្កភាពភ្ញាក់ផ្អើលតាមរយៈការសម្រេចចិត្ត ដកតំណែងរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu រួចហើយតែងតាំងលោក Andrei Belousov ដែលជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប និងជាឧបនាយករដ្ឋមន្រ្តីរុស្ស៉ី ឱ្យឡើងមកជំនួសវិញ។ ប្រការនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា លោក ពូទីន ហាក់មានគោលដៅចង់បង្កើនប្រសិទ្ធភាពឱ្យប្រសើរជាងមុន ក្នុងការចំណាយលើ​វិស័យយោធា ព្រមទាំងបោសសំអាតក្រសួងការពារជាតិ ដែលជាប់ជំពាក់ក្នុង រឿងអាស្រូវពុករលួយ​ទ្រង់ទ្រាយធំ អំឡុងសង្រ្គាមអូសបន្លាយ នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក Savelyev ធ្លាប់ធ្វើការនៅក្រសួងសេដ្ឋកិច្ចរុស្ស៉ី ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤ ហើយមួយរយៈពេលខ្លី ក៏ធ្លាប់បាន​កាន់តួនាទីជា អនុរដ្ឋមន្រ្តីរបស់លោក ​Belousov ផងដែរ អំឡុងពេលលោក Belousov នៅជាប្រមុខក្រសួងសេដ្ឋកិច្ច។ ក្រោយរុស្ស៉ីកាត់​បញ្ជូលឧបទ្វីបគ្រីមៀ ទៅក្នុង ឧបសម្ព័ន្ធរបស់ខ្លួន លោក Savelyev បានបម្រើជា រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការតំបន់គ្រីមៀ កាលពីចន្លោះឆ្នាំ២០១៤-២០១៥។ រីឯសម្រាប់រយៈពេល ៥ឆ្នាំចុងក្រោយនេះ លោកមានតួនាទីជាសវនករ របស់សភាគណនេយ្យរុស្ស៉ី ដែលទទួលបន្ទុកត្រួតពិនិត្យលើការចំណាយ ក្នុងវិស័យយោធានិងសន្តិសុខ នៃសហព័ន្ធរុស្ស៉ី៕