(សាណា)៖ អ្នកនាំពាក្យក្រុមឧទ្ទាម Houthi បានអះអាងនាថ្ងៃអង្គារនេះថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូន១គ្រឿង របស់សហរដ្ឋអាមេរិក ប្រភេទ MQ9 នៅលើខេត្ត al-Bayda ភាគខាងត្បូងប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។

លោក Yahya Saree អ្នកនាំពាក្យយោធារបស់ក្រុម Houthi បាននិយាយថា យន្តហោះដ្រូនអាមេរិកខាងលើ ត្រូវបានបាញ់ទម្លាក់ដោយប្រើប្រាស់មីស៉ីល ប្រភេទបាញ់ចេញពីផ្ទៃដីទៅកាន់ផ្ទៃអាកាស ដែលផលិតនៅក្នុងស្រុកផ្ទាល់ ហើយលោកបានបន្ថែមថា វីដេអូសម្រាប់​គាំទ្រអំណះអំណាងនេះ នឹងត្រូវចេញផ្សាយ តាមក្រោយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុម Houthi ក៏បានអះអាងដែរថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក MQ9 ១គ្រឿងផ្សេងទៀត នៅខេត្ត Maareb នៃភាគអាគ្នេយ៍យេម៉ែន។

គួរបញ្ជាក់ថា ក្រុម Houthi ដែលគ្រប់គ្រងរដ្ឋធានី ព្រមទាំងទឹកដីមួយផ្នែកធំនៃប្រទេសយេម៉ែន កន្លងមកនេះ បានធ្វើសកម្មភាពវាយប្រហារ​លើកប៉ាល់ដឹកជញ្ជូនទំនិញអន្តរជាតិ នៅតំបន់សមុទ្រក្រហម ចាប់តាំងពីឆ្នាំវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ហាញសាមគ្គីភាពដល់ ជនជាតិប៉ាឡេស្ទីន ចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ខណៈប្រការនោះ បានជំរុញឱ្យអាមេរិកនិងចក្រភពអង់គ្លេស ធ្វើការវាយប្រហារសងសឹកវិញ ចាប់តាំងពីខែកុម្ភៈ ឆ្នាំនេះ៕