(មូស្គូ)៖ នៅថ្ងៃអង្គារនេះ រុស្ស៉ីបានចោទប្រកាន់ថា សហរដ្ឋអាមេរិក កំពុងព្យាយាមស្វែងរកការដាក់ពង្រាយសព្វាវុធ នៅក្នុងលំហអវកាស ពោលគឺមួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបោះឆ្នោតប្រឆាំងសំណើមួយផ្តួចផ្តើមឡើងដោយទីក្រុងមូស្គូ ពាក់ព័ន្ធនឹងរឿងនេះ នៅឯ​អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ជាថ្មីម្តងទៀត ពួកគេ (អាមេរិក) បានបង្ហាញឱ្យឃើញ អំពីអាទិភាពពិតប្រាកដរបស់ពួកគេ នៅក្នុងវិស័យអវកាស នោះគឺមិនមែនរក្សាការពារកុំឱ្យមាន អាវុធគ្រប់ប្រភេទនៅក្នុងលំហអវកាសឡើយ ប៉ុន្តែគឺដាក់ពង្រាយសព្វាវុធនៅទីនោះ ហើយប្រែក្លាយវាឱ្យទៅជាសង្វៀនថ្មីមួយទៀត សម្រាប់ការប្រឈមមុខគ្នាផ្នែកយោធា​»

ប៉ុន្មានខែមកនេះ ប្រទេសមហាអំណាចទាំងពីរ បានចោទគ្នាទៅវិញទៅមកជាបន្តបន្ទាប់ អំពីការព្យាយាមធ្វើយោធូបនីយកម្មលំហអវកាស។ កាលពីខែកុម្ភៈ ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ខ្លួនមានក្តីកង្វល់អំពីសមត្ថភាពប្រឆាំងផ្កាយរណប ដែលប្រទេសរុស្ស៉ីបានអភិវឌ្ឍឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាននាំគ្នារាយការណ៍ថា សហគមន៍ស៉ើបការណ៍សម្ងាត់ បានព្រមានសម្ព័ន្ធមិត្តរបស់ពួកគេថា រុស្ស៉ីអាច​បាញ់អាវុធនុយក្លេអ៊ែរ ទៅកាន់គន្លងអវកាសបាន។ ទីក្រុងមូស្គូបានចេញមុខទាត់ចោលការចោទប្រកាន់នោះ ហើយចាប់តាំងពីពេលនោះ ក៏បានធ្វើការចោទប្រកាន់ស្រដៀងគ្នា ដាក់សហរដ្ឋអាមេរិកវិញផងដែរ។

ពាក់ព័ន្ធជម្លោះរឿងនេះ ប្រទេសទាំង២ បានប្រជែងគ្នាស្នើសេចក្តីសម្រេច ស្តីពីការទប់ស្កាត់ការរីកសាយនៃសព្វាវុធ ក្នុងលំហអវកាស នៅអង្គការសហប្រជាជាតិ។ កាលពីខែមេសាកន្លងទៅ រុស្ស៉ីបានបោះឆ្នោតវេតូសំណើរបស់អាមេរិក ខណៈសំណើរបស់ទីក្រុងមូស្គូ ត្រូវបានរារាំងវិញដោយ​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ក្នុងការបោះឆ្នោត កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

ទីក្រុងមូស្គូបាននិយាយថា សំណើរបស់អាមេរិក ផ្តោតតែទៅលើអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ និងថាទីក្រុងវ៉ាស៉ីនតោន តាមពិតពុំចាប់អារម្មណ៍ ចង់ឱ្យមានការហាមឃាត់ទាំងស្រុង ចំពោះដាក់ពង្រាយសព្វាវុធ ក្នុងលំហអវកាសឡើយ។ រីឯបេសកជនអាមេរិកមួយរូប គឺលោក Robert Wood បានលើកឡើងថា សំណើរបស់រុស្ស៉ី ដែលអំពាវនាវឱ្យប្រទេសទាំងអស់ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់គ្រប់ពេល នូវការដាក់​ពង្រាយអាវុធ នៅក្នុងទីអវកាស គឺគ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍មួយប៉ុណ្ណោះ៕