(គៀវ)៖ បន្ទាប់ពីច្បាប់ថ្មីរបស់អ៊ុយក្រែនត្រូវបានអនុម័ត ដោយអនុញ្ញាតឱ្យអ្នកទោសមួយចំនួនអាចចុះឈ្មោះបាន អ្នកទោសរាប់ពាន់នាក់បានស្ម័គ្រចិត្តចូលរួមធ្វើជាកងទ័ព។ នេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រស្រដៀងគ្នានៅក្នុងប្រទេសរុស្ស៊ី ដែលអ្នកទោសមួយចំនួនធំ ត្រូវបានបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែនជាមួយនឹងការសន្យាលើកលែងទោស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

អ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ និងទាហានយ៉ាងធ្ងន់ធ្ងរ បានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីមានប្រៀបនៅសមរភូមិភាគខាងកើត និងខាងជើង។

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែ លោកស្រី Olena Vysotska បានបញ្ជាក់ថា អ្នកទោសជាង ៣,០០០នាក់ហើយ បានដាក់ពាក្យចូលបម្រើកងទ័ព ដែលជាចំនួនដែលត្រូវបានគេរំពឹងទុកមុនពេលច្បាប់ត្រូវបានអនុម័ត។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ទៀតថា អាជ្ញាធរបានកំណត់អ្នកទោសចំនួន ២០,០០០ នាក់ថាមានសិទ្ធិចូលរួម ដោយក្នុង​ចំណោម​ពួកគេ មាន​ចំនួន ៤,៥០០ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម។

គួរជម្រាបថា អ្នកទោសដែលមានសិទ្ធិសុំចូលរួមបម្រីកងទ័ពបាន ទាល់តែជាអ្នកទោសដែលនៅសេសសល់ទោសរយៈពេលបីឆ្នាំប៉ុណ្ណោះ។ ចំណែកឯ អ្នកទោសដែលត្រូវបានកាត់ទោសពីបទហិង្សាផ្លូវភេទ ឃាតកម្មច្រើនដង អំពើពុករលួយធ្ងន់ធ្ងរ ឬអតីតមន្ត្រីជាន់ខ្ពស់ ក៏មិនមានសិទ្ធិចុះឈ្មោះចូលបម្រីកងទ័ពដែរ៕