(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី២១ ខែឧសភា បាននិយាយថារដ្ឋបាលលោក ចូ បៃដិន មាន ឆន្ទៈធ្វើការជាមួយសភាទាំង២របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការស្នើ ដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែលពាក់ព័ន្ធនឹងសង្រ្គាមហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងរបស់លោក Antony Blinken ធ្វើឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានប្រាប់លោកប្រមុខការទូតអាមេរិកថារូបលោកផ្ទាល់ចង់ឃើញការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងតុលាការ ICC ជាការឆ្លើយតបទៅនឹងរដ្ឋអាជ្ញា​ ICC លោក Karim Khan ដែលកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានដាក់ពាក្យសុំជាផ្លូវការទៅកាន់ អង្គបុរេជំនុំជម្រះរបស់ ICC ដើម្បីស្នើសុំដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល។

នៅក្នុងកិច្ចប្រជុំមួយ លោក Graham បានប្រាប់លោក Blinken ដូច្នេះថា «ខ្ញុំចង់ចាត់វិធានការសកម្មភាព មិនមែនត្រឹមតែមាត់នោះទេ។ ដូច្នេះ តើអ្នកនឹងគាំទ្រកិច្ចប្រឹងប្រែងរបស់គណបក្សទាំង២ដែរឬទេ ដើម្បីដាក់ទណ្ឌកម្មប្រឆាំង ICC មិនមែនត្រឹមតែដោយសារតុលាការនេះប្រឆាំងនឹង អ៉ីស្រាអែលប៉ុណ្ណោះទេ តែក៏ដើម្បីការពារផលប្រយោជន៍របស់យើងនៅពេលអនាគតផងដែរ»។ ជាការឆ្លើយតប លោក Blinken បានឆ្លើយថាខ្ញុំ ស្វាគមន៍ការធ្វើការជាមួយអ្នក ចំពោះបញ្ហានេះ»។

គួរបញ្ជាក់ថា រដ្ឋអាជ្ញា ICC លោក Karim Khan បានស្នើសុំដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល ២រូប រួមមាននាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant។ ព្រមពេលជាមួយគ្នា រដ្ឋអាជ្ញារូបនេះក៏បានស្នើដីកាចាប់ខ្លួនមេដឹកនាំ ហាម៉ាស៣រូបដូចជា លោក Yahya Sinwar ជាប្រមុខក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា លោក Ismail Haniyeh ជាមេដឹកនាំនយោបាយរបស់ ហាម៉ាស និងអគ្គមេបញ្ជាការក្រុមហាម៉ាស លោក Mohammed Deif ដោយជឿជាក់បានថាអ្នកទាំង៥នាក់នេះបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»៕