(មូស្គូ)៖ កងកម្លាំងរុស្ស៉ីបានចាប់ផ្ដើមហើយនូវដំណាក់កាលទី១ នៃការធ្វើសមយុទ្ធនុយក្លេអ៊ែរតាក់ទិក តាមបទបញ្ជារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីហ្វឹកហាត់ពីរបៀបត្រៀមលក្ខណៈ និងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងមូស្គូ បានអះអាងថាការធ្វើសមយុទ្ធនុយក្លេអ៊ែរនេះគឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយមួយចំនួន ពីសំណាក់មេដឹកនាំលោកខាងលិច តួយ៉ាង ដូចជាលោកប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបាននិយាយថាលោកមិនជំទាស់នោះទេចំពោះលទ្ធភាពបញ្ជូនកងទ័ព ទៅជួយ អ៊ុយក្រែន។ ការអត្ថាធិប្បាយបែបនេះត្រូវបានវិមានក្រឹមឡាំងចាត់ទុកថាការគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៉ី។ រីឯក្រុមអ្នកវិភាគវិញ បាននិយាយថា សមយុទ្ធនេះដែរធ្វើឡើងជាសារព្រមានមួយរបស់លោក ពូទីន ដើម្បីកំញើញលោកខាងលិចកុំឱ្យលូកដៃកាន់តែជ្រៅនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។

មកទល់នឹងពេលនេះ បណ្ដាប្រទេសលោកខាងលិចបានផ្ដល់អាវុធ និងព័ត៌មានចារកម្មសម្រាប់ទីក្រុងកៀវ តែបានបដិសេធការបញ្ជូនកងទ័ពរបស់ពួកគេ ទៅកាន់អ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី ដំណាក់កាលទី១ នៃសមយុទ្ធនុយក្លេអ៊ែរតាក់ទិក នឹងផ្ដោតទៅលើការហ្វឹកហាត់រៀបចំ និងប្រើប្រាស់ មីស៊ីល Iskander និង Kinzhal។ សមយុទ្ធនេះក៏មានការចូលរួមពីកងកម្លាំងមីស៊ីលរុស្ស៉ីភូមិភាគខាងត្បូង ស្ថិតនៅក្បែរអ៊ុយក្រែន និងទឹកដីអ៊ុយក្រែន មួយចំនួនដែលកងកម្លាំងរុស្ស៉ីកំពុងគ្រប់គ្រង ព្រមទាំងមានការចូលផងដែរពីប្រទេសបេឡារុសដែលយល់ព្រមឱ្យរុស្ស៉ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ តាក់ទិកនៅលើទឹកដីរបស់ខ្លួន៕