(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសកាតា លោក Khalid bin Mohamed Al Attiyah​ នៅថ្ងៃពុធនេះនៅទីក្រុងប៉េកាំង ដោយភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនៅទីក្រុងប៉េកាំង លោក Dong បានសង្កត់ធ្ងន់លើភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងកាតា ហើយបានលើកឡើងពីសារៈសំខាន់នៃការអនុវត្ត ការឯកភាពគ្នាដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន។ លោកបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូរបុគ្គលិក ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធាឱ្យកាន់តែខ្ពស់ថែមទៀត។

ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិកាតា លោក Al Attiyah បានរំលឹកឡើងវិញនូវការគាំទ្ររបស់កាតា ចំពោះប្រទេសចិនដែលមានការរួបរួម និងវិបុលភាព ដោយបញ្ជាក់ថា វាស្របទៅនឹងផលប្រយោជន៍របស់សហគមន៍អន្តរជាតិ។ លោកបានបង្ហាញពីការត្រៀមខ្លួនរបស់កាតា ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងក្របខ័ណ្ឌផ្សេងទៀត ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធារៀងៗខ្លួន៕