(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ នៅទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទី ភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០២៤។

ទីប្រឹក្សារងសន្តិសុខជាតិ លោក Kim Tae-hyo និយាយថា លោកប្រធានាធិបតី Yoon Suk Yeol នឹងជួបពិភាក្សាដាច់ដោយឡែក ជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang ក៏ដូចជានាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ មុនកិច្ចប្រជុំត្រីភាគី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ មេដឹកនាំទាំង ៣រូបនឹងអនុម័តសេចក្តីថ្លែងការណ៍រួម លើវិស័យចំនួន ៦រួមទាំងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ទាប់ពីកិច្ចប្រជុំកំពូលនោះ។

គួរបញ្ជាក់ថា ប្រទេសជិតខាងទាំង ៣ បានឯកភាពគ្នារៀបចំកិច្ចប្រជុំជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមកាលពីឆ្នាំ ២០០៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ ប៉ុន្តែគំនិតផ្តួចផ្តើមនេះត្រូវផ្អាក ដោយសារតែបញ្ហាទ្វេភាគី និងជំងឺកូវីដ១៩។ កិច្ចប្រជុំកំពូលត្រីភាគី លើកចុងក្រោយរបស់ពួកគេ ធ្វើឡើងនៅចុងឆ្នាំ ២០១៩៕