(អូស្លូ)៖ ក្រសួងយុត្តិធម៌ន័រវែស បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ន័រវែស នឹងបង្កើនការរឹតត្បិតសម្រាប់អ្នកទេសចររុស្ស៉ី ដោយសារតែសង្រ្គាមកំពុងបន្តនៅអ៊ុយក្រែន តាមរយៈការហាមឃាត់ទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០២៤។

ពលរដ្ឋរុស្ស៉ីដែលមានគោលបំណងទេសចរណ៍ និងការធ្វើដំណើរមិនសំខាន់ផ្សេងទៀត នឹងត្រូវបដិសេធនៅពេលមកដល់ព្រំដែន លើកលែងតែក្នុងករណី ដូចជាការទៅសួរសុខទុក្ខគ្រួសារជិតស្និទ្ធ ដែលកំពុងរស់នៅក្នុងប្រទេសន័រវែស។ គោលនយោបាយថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែឧសភាតទៅ។ រដ្ឋមន្រ្តីយុត្តិធម៌ លោកស្រី Emilie Enger បញ្ជាក់ថា «ការសម្រេចចិត្តរឹតបន្តឹង ច្បាប់ចូលមកក្នុងប្រទេស គឺស្របតាមវិធីសាស្រ្តរបស់ន័រវែស ក្នុងការរួបរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូ ក្នុងប្រតិកម្មចំពោះសង្គ្រាមឈ្លានពាន របស់រុស្ស៉ីលើអ៊ុយក្រែន»

គួរបញ្ជាក់ថា ន័រវែស ដែលជាសមាជិករបស់អង្គការណាតូ (NATO) និងមានព្រំដែនជាប់ជាមួយរុស្ស៉ីក្នុងតំបន់អាក់ទិកប្រវែង ២០០គីឡូម៉ែត្រ ជាប្រទេសដំបូងគេដែលបានដាក់កំហិតលើទិដ្ឋាការទេសចរណ៍រុស្ស៉ី ចាប់តាំងពីឆ្នាំ ២០២២មក៕