(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិនបាននិយាយសម្តីព្រមានខ្លាំងៗ ចំពោះបុគ្គលទាំងឡាយ ដែលគាំទ្រឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់ ហើយបានសង្កត់បន្ថែមថា ការធ្វើសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់ គឺមានគោលដៅផ្ញើសារព្រមានធ្ងន់មួយ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងយ៉ាងដូច្នេះថា «កម្លាំងចង់ស្វែងរកឯករាជ្យភាពសម្រាប់តៃវ៉ាន់ នឹងគ្មានទទួលបានផលអ្វី ក្រៅតែពីបែកក្បាលហើយមានឈាមហូរដាបនោះឡើយ បន្ទាប់ពីប៉ះទង្គិចជាមួយការប្តេជ្ញាយ៉ាងមុខមាំរបស់ចិន ក្នុងការសម្រេចឱ្យបាន នូវការបង្រួបបង្រួមគ្នាវិញ ពេញលេញទាំងស្រុង»។ ទន្ទឹមគ្នានោះ លោក Wang បានបន្ថែមថា ការធ្វើសមយុទ្ធយោធានៅជុំវិញដែនកោះនេះ គឺជាសារព្រមានដ៏ធ្ងន់មួយ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ យោធាចិនបានចាប់ផ្តើមធ្វើសមយុទ្ធ ដែលមានរយៈពេលសរុប២ថ្ងៃ នៅជុំវិញតៃវ៉ាន់ ពោលគឺត្រឹមប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំថ្មីរបស់ដែនកោះនេះ គឺលោក Lai Ching-te បានស្បថចូលកាន់តំណែងជាផ្លូវការ ហើយបានអំពាវនាវឱ្យខាង​ទីក្រុងប៉េកាំង បញ្ឈប់សកម្មភាពសម្លុតគំរាមនានាតទៅទៀត ទាំងផ្នែកនយោបាយក៏ដូចជាយោធា។ ក្នុងថ្ងៃដដែលនេះ លោក Lai ក៏បាន​ចេញមុខនិយាយផងដែរថា រូបលោកនឹងឈរនៅខ្សែបន្ទាត់ជួរមុខ ក្នុងកិច្ចប្រឹងប្រែងការពារគុណតម្លៃ ​នៃសេរីភាពនិងប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ ហើយរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

រដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ជាផ្នែក មិនអាចកាត់ផ្តាច់បានឡើយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញ ជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ ទោះបីត្រូវប្រើជម្រើសកម្លាំងយោធាក៏ដោយ ប្រសិនបើចាំបាច់៕