(ហ្គាហ្សា)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងប្រកាសសាលក្រមរបស់ខ្លួននៅថ្ងៃសុក្រ ទី២៤ ខែឧសភា ទាក់ទងនឹងសំណើបន្ទាន់របស់អាហ្វ្រិកខាងត្បូង ដើម្បីបញ្ឈប់ការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅទីក្រុង Rafah។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ការអំពាវនាវរបស់អាហ្រ្វិកខាងត្បូង សម្រាប់វិធានការបន្ទាន់នេះ គឺជាផ្នែកមួយនៃសំណុំរឿងធំមួយដែលចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ ការនេះបានធ្វើឡើងបន្ទាប់ពីបានស្នើសុំជាផ្លូវការរបស់អាហ្វ្រិកខាងត្បូងកាលពីសប្តាហ៍មុន ដោយជំរុញឱ្យ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោកឱ្យធ្វើអន្តរាគមន៍ ដើម្បីការពារអាយុជីវិតរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ជាពិសេសនៅទីក្រុង Rafah។

អ៊ីស្រាអែលបានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងនេះ ដោយចាត់ទុកថាជារឿងបំភ្លៃពីយ៉ាងធ្ងន់ធ្ងរ។ ថ្វីបើមានការជំទាស់របស់អ៊ីស្រាអែលលើកសំណុំរឿងនេះចេញក៏ដោយ ក៏តុលាការ ICJ ពីមុនធ្លាប់បានចេញសេចក្តីសម្រេចរួចម្តងហើយ ដែលថា អ៊ីស្រាអែលត្រូវតែទប់ស្កាត់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន ប៉ុន្តែមិនបានទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធារនោះទេ។

ការអំពាវនាវចុងក្រោយរបស់អាហ្រ្វិកខាងត្បូង រួមមានវិធានការបន្ថែមដើម្បីការពារប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ដែលកំពុងស្នាក់នៅទីក្រុង Rafah ហើយក៏អំពាវនាវផងដែរដល់ក្រុមចៅក្រមទាំង ១៥រូបរបស់ ICJ ដើម្បីធានាថាអ៊ីស្រាអែលផ្តល់សិទ្ធិចូលទៅកាន់តំបន់ហ្គាហ្សាដោយគ្មានការរឹតត្បឹត សម្រាប់មន្ត្រីអង្គការសហប្រជាជាតិ អង្គការមនុស្សធម៌ អ្នកសារព័ត៌មាន និងអ្នកស៊ើបអង្កេត។

គួរជម្រាបថា នៅក្នុងចំណាត់ការដែលពាក់ព័ន្ធនេះ រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏បានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិរបស់លោក ព្រមទាំងមេដឹកនាំក្រុមហាម៉ាស់ចំនួនបីរូបផងដែរ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម។ ICJ ដោះស្រាយវិវាទរដ្ឋ ខណៈដែល ICC កាត់ទោសបុគ្គលម្នាក់ៗពីបទឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍៕