(ហ្គាហ្សា)៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអ៊ីស្រាអែលស៊ើបអង្កេតការចោទប្រកាន់ជាច្រើនករណី ជុំវិញការប្រព្រឹត្តអំពើឃោរឃៅ និងអមនុស្សធម៌ចំពោះអ្នកជាប់ឃុំប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស់ថ្ងៃទី ៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការធ្វើទារុណកម្ម លោកស្រី Alice Jill Edwards បានរាយការណ៍ថា បានទទួលការចោទប្រកាន់ជាច្រើនករណីថា អ្នកជាប់ឃុំត្រូវបានគេវាយដំ បំបិទភ្នែក វាយខ្នោះដៃពេលយូរ គេងមិនលក់ និងគំរាមកំហែងដោយអំពើហិង្សាផ្លូវកាយ និងផ្លូវភេទ។

លោកស្រី Edwards បានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់គណនេយ្យភាព និងតម្លាភាព ដើម្បីទប់ស្កាត់ការរំលោភបំពានបន្ថែមទៀត។ អ្នកស្រីបាននិយាយថា «អាជ្ញាធរអ៊ីស្រាអែលត្រូវតែស៊ើបអង្កេតរាល់ពាក្យបណ្តឹង និងរបាយការណ៍អំពីការធ្វើទារុណកម្មឱ្យបានឆាប់រហ័ស មិនលំអៀង ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព»

មិនមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាល ឬកងទ័ពអ៊ីស្រាអែលទេ ទោះបីជាពីមុនកងទ័ពធ្លាប់បាននិយាយថា ខ្លួនប្រព្រឹត្តស្របតាមច្បាប់របស់អ៊ីស្រាអែល និងច្បាប់អន្តរជាតិ ដោយធានាថាអ្នកជាប់ឃុំមានសិទ្ធិទទួលបានអាហារ ទឹក ថ្នាំពេទ្យ និងសម្លៀកបំពាក់ត្រឹមត្រូវ។

ការអំពាវនាវឱ្យមានការស៊ើបអង្កេតនេះ កើតឡើងនៅក្នុងបរិបទនៃវិបត្តិមនុស្សធម៌ស្រួចស្រាវនៅហ្គាហ្សា ដែលបានសម្លាប់ប៉ាឡេស្ទីនជាង ៣៥,០០០នាក់ និងមានការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ បន្ទាប់ពីការឆ្លើយតបរបស់យោធាអ៊ីស្រាអែលចំពោះការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្ស ១,២០០ នាក់បានស្លាប់ និង ២៥៣នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង៕