(វ៉ាស៊ីនតោន)៖ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក Mike Johnson កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា បានប្រកាសថា លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវថ្លែងសុន្ទរកមួយនៅឯសម័យប្រជុំរួមនៃសភាទាំង២របស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Johnson បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Netanyahu នៅឯវិមាន Capitol នាឱកាសសម័យប្រជុំរួមនៃសភាទាំង២របស់ សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ»។ លោកបន្តថាដំណើរទស្សនកិច្ចរបស់លោក Netanyahu នឹងបញ្ជាក់ពីការគាំទ្រយ៉ាងរឹងមាំចំពោះរដ្ឋាភិបាលអ៉ីស្រាអែល។

គួរបញ្ជាក់ថា ការអញ្ជើញលោក Netanyahu ទៅថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិកទាំង២ កើតមានឡើងចំពេលអ៉ីស្រាអែលជួបរឿងបរាជ័យផ្ទួនៗក្នុងសប្ដាហ៍នេះ នោះគឺ ប្រទេសអឺរ៉ុបចំនួន៣ បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានស្នើសុំដីកាចាប់ខ្លួនលោក Netanyahu រួមទាំងមេដឹកនាំ ក្រុមហាម៉ាសជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមក្នុងតំបន់ហ្កាហ្សា៕