(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk និងនាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់សំណើទៅកាន់គណៈកម្មការអឺរ៉ុប ឱ្យរៀបចំបង្កើតប្រព័ន្ធការពារដែនអាកាសទូទាំងអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ ២០២៤។

លោក Tusk បានប្រាប់ទូរទស្សន៍ប៉ូឡូញ យ៉ាងដូច្នេះថា «ខ្ញុំបានផ្ញើរលិខិតមួយច្បាប់ទៅកាន់គណៈកម្មាការ រួមគ្នាជាមួយក្រិក លោកនាយករដ្ឋមន្រ្តី Mitsotakis ទាក់ទងនឹងគោលនយោបាយការពារជាតិរួមរបស់អឺរ៉ុប»។ លោក Tusk បានបន្ថែមថា «តាមពិតទៅមានប្រតិកម្មវិជ្ជមានរួចហើយពីខាងគណៈកម្មការអឺរ៉ុប ក្នុងការធ្វើឱ្យការការពារដែនអាកាសប្រឆាំងមីស៉ីល ក្លាយជាកិច្ចការទូទៅសម្រាប់អឺរ៉ុប ព្រោះវាត្រូវការចំណាយថវិកាច្រើន»។ ជុំវិញសំណើនេះ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហោះសារលើបណ្តាញសង្គម X ថា «យើងត្រូវការគម្រោងដែលចំណាយតិច តួយ៉ាងដូចជាប្រព័ន្ធការពារដែនអាកាស ស្នើឡើងដោយលោក Kyriakos Mitsotakis និងលោក Donald Tusk»

គួរបញ្ជាក់ថា សារៈសំខាន់នៃប្រព័ន្ធការពារដែនអាកាស គឺជាអាទិភាពមួយសម្រាប់ប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ហើយធ្លាប់ត្រូវបានមីស៉ីលហោះចូលដែនអាកាសរបស់ខ្លួន៕