(សិង្ហបុរី)៖ សេចក្តីសម្រេចរបស់ចៅក្រមនៅតុលាការកំពូលនៃប្រទេសសិង្ហបុរី ដែលចេញផ្សាយនាថ្ងៃសុក្រនេះ បានបង្ហាញថា បងប្អូនប្រុសរបស់ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ចំនួន ៤០០,០០០ដុល្លារសិង្ហបុរី ឬស្មើនឹង២៩៦,០០០ដុល្លារអាមេរិក ឱ្យទៅរដ្ឋមន្រ្តីរដ្ឋាភិបាលចំនួន២រូប ក្នុងសំណុំរឿងបរិហាកេរ្តិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ​ ទី២៤ ខែឧសភា ឆ្នាំ២០២៤។

លោក Goh Yihan ចៅក្រមនៅតុលាការកំពូលសិង្ហបុរី បានលើកឡើងថា លោក Lee Hsien Yang ដែលជាប្អូនប្រុសរបស់លោក Lee Hsien Loong បានធ្វើការចោទប្រកាន់បែបបរិហាកេរ្តិ៍ ប្រឆាំងនឹងរដ្ឋមន្រ្តីសិង្ហបុរី២រូប ដែលបានជះផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរចំពោះ ភាពសុចរិតទៀងត្រង់ កេរ្តិ៍ឈ្មោះវិជ្ជាជីវៈ ក៏ដូចជាកិត្តិយសរបស់ពួកគេ។ កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Lee Hsien Yang ធ្លាប់ត្រូវបាន​រដ្ឋាភិបាលសិង្ហបុរី ផ្តល់ឱកាសឱ្យកែតម្រូវការបង្ហោះសារមួយលើ Facebook ដែលក្រសួងយុត្តិធម៌អះអាងថា មានខ្លឹមសារមិនពិតស្តីពី​រឿងអាស្រូវ ជុំវិញការណ៍ដែលរដ្ឋមន្រ្តីទាំង២រូបនោះ ជួលទ្រព្យសម្បត្តិរដ្ឋ។ បើតាមចៅក្រម Goh Yihan លោក Lee មិនបានសុំទោស ឬលុបចោលការបង្ហោះវិញឡើយ ហើយបានបង្ហោះសារមួយថែមទៀតថា រូបលោកនៅតែជឿជាក់ ចំពោះអ្វីដែលលោក បាននិយាយ។

គួរបញ្ជាក់ថា លោក Lee Hsien Yang វ័យ៦៦ឆ្នាំ ក៏បានជាប់ជំពាក់ក្នុងវិវាទដ៏តានតឹង ជាមួយបងប្រុសរបស់លោកផ្ទាល់ផងដែរ ជុំវិញផ្ទះដែលបន្សល់ទុក ដោយឪពុករបស់អ្នកទាំងពីរ គឺលោក Lee Kuan Yew ដែលជាបិតាស្ថាបនិកប្រទេសសិង្ហបុរី។ កាលពីអំឡុង​ការបោះឆ្នោតឆ្នាំ២០២០ លោក Lee Hsien Yang បានសម្រេចចូលរួមជាមួយគណបក្សប្រឆាំង ហើយកាលពីឆ្នាំមុន លោកបាននិយាយថា រូបលោកមានចេតនាចង់ឈរឈ្មោះប្រកួតប្រជែងតំណែងជា ប្រធានាធិបតីសិង្ហបុរី។ កាលពីសប្តាហ៍មុននេះ លោក Lee Hsien Loong វ័យ៧២ឆ្នាំ បានផ្ទេរអំណាចឱ្យទៅលោក Lawrence Wong ដែលមិនមានជាប់សែស្រឡាយអ្វីទាំងអស់ ជាមួយគ្រួសារត្រកូល Lee ឡើយ ខណៈវាគឺជាការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីលើកដំបូងបង្អស់ នៃប្រទេសអាស៊ានមួយនេះ គិតក្នុងរយៈពេល២០ឆ្នាំ។ នៅប្រទេសសិង្ហបុរី មានប្រធានាធិបតីក៏ពិតមែន ប៉ុន្តែអំណាចនីតិប្រតិបត្តិ ស្ថិតនៅលើនាយករដ្ឋមន្រ្តី៕