(ហាណូយ)៖ ក្រសួងការបរទេសវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ​ថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រឡើយ ចំពោះការបញ្ចេញមតិ​លក្ខណៈញុះញង់ និង​បង្កការបែកបាក់ពីសំណាក់ជនជាតិវៀតណាមមួយចំនួន លើគណនីបណ្តាញ​សង្គម​ផ្លូវ​ការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

តាមរយៈការផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ​អ្នកនាំពាក្យក្រសួង​ការបរទេស​វៀតណាម លោកស្រី Pham Thu Hang បានទទួលស្គាល់ថា មានពលរដ្ឋវៀតណាម បានចូលបញ្ចេញមតិលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែមតិយោបល់ទាំងនោះមិនតំណាងឱ្យជំហររបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងអស់នោះទេ។

លោកស្រី Pham Thu Hang បានគូសបញ្ជាក់ដូច្នេះ «យើងមិនយល់ស្របឡើយ​ជាមួយនឹងគំនិត ឬការបញ្ចេញមតិដែលបង្កការញុះញង់ និងប៉ះពាល់ដល់ទំនាក់​ទំនង​រវាងប្រជាជនវៀតណាម និងកម្ពុជា ហើយអាចធ្វើឱ្យមេដឹកនាំ នៃប្រទេសទាំងពីរ មានការអាក់អន់ចិត្តនឹងគ្នាផងដែរ។ យើងជឿជាក់ថា វៀតណាម-កម្ពុជានឹងបន្តកិច្ច​សហការ​ជិតស្និទ្ធ លើការងារចែករំលែកព័ត៌មានជុំវិញបញ្ហានេះ រួមទាំងគម្រោងព្រែកជីក​ហ្វូណនតេជោ ក៏ដូចជាការសិក្សាអំពីផលប៉ះពាល់ឆ្លងដែននៃគម្រោងនេះ»

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិ​កម្ម​ជាខ្លាំងទៅលើការបញ្ចេញមតិមួយចំនួនជាភាសាវៀតណាម ដែលមានអត្ថន័យ និង​ខ្លឹមសារមិនសមរម្យនលើ TikTok របស់សម្តេច។

សម្តេចតេជោ បានស្នើឱ្យសមត្ថកិច្ចកម្ពុជា និងវៀតណាម ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនដែលបានបញ្ចេញមតិយោបល់ទាំងនោះ។

បន្ទាប់ពីការប្រតិកម្មរបស់សម្តេចតេជោ, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានហៅឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា មកប្រាប់បញ្ហានេះ និងស្នើឱ្យមានកិច្ចសហការស្រាវជ្រាវរកអត្តសញ្ញាណជនទាំងនោះផងដែរ៕