(ឡាអេ)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃសុក្រនេះ បានចេញសេចក្តីសម្រេចដ៏ចម្រូងចម្រាស់មួយ ដោយបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់ នៅទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សា ក្នុងសំណុំរឿងរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៤​ ខែឧសភា ឆ្នាំ២០២៤។

ប្រធានតុលាការពិភពលោក លោក Nawaf Salam កំលុងពេលផ្តល់សេចក្តីសម្រេចនេះ បានលើកឡើងពីស្ថានភាពកាន់តែអាក្រក់ឡើង នៅក្នុងបរិបទប៉ាឡេស្ទីន ចាប់តាំងពីការណែនាំពីលើកដំបូងរបស់តុលានេះ ការចំពោះអ៊ីស្រាអែលដើម្បីចាត់វិធានការបន្ធូរបន្ថយ។ លោក​បាន​លើកឡើងថា ក្នុងកាលៈទេសៈ​នេះបាន​ធានា​នូវ​បទបញ្ជា​បន្ទាន់​ថ្មីមួយគឺ «រដ្ឋអ៊ីស្រាអែលត្រូវតែបញ្ឈប់ជាបន្ទាន់នូវការវាយលុកយោធារបស់ខ្លួន និងសកម្មភាពផ្សេងទៀតនៅក្នុងទីក្រុង Rafah ដែលអាចបណ្តាលឱ្យមានលក្ខខណ្ឌគ្រោះថ្នាក់ ដល់ការរស់រានមានជីវិតរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា»។

ទន្ទឹមគ្នានេះ តុលាការបានរិះគន់អ៊ីស្រាអែលចំពោះការមិនផ្តល់ការធានា លើសុវត្ថិភាពរបស់ប្រជាជនក្នុងអំឡុងពេលជម្លៀស ឬការធានាលើការផ្គត់ផ្គង់ដូចជាស្បៀងអាហារ ទឹក អនាម័យ និងថ្នាំពេទ្យសម្រាប់ប្រជាជនប៉ាឡេស្ទីន ៨០០,០០០ ដែលបានភៀសខ្លួនចេញពីទីក្រុងមួយនេះ។

លើសពីនេះទៀត តុលាការយុត្តិធម៌អន្តរជាតិក៏បានបញ្ជាឱ្យអ៊ីស្រាអែលបើកច្រក Rafah ឡើងវិញ ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងហ្គាហ្សា និងអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ ចូលធ្វើរបាយការណ៍អំពីស្ថានភាពក្នុងរយៈពេលមួយខែផងដែរ។

ចៅក្រម ១៥រូបរបស់តុលាការបានបោះឆ្នោតគាំទ្រ ១៣រូបទល់នឹង ២រូបជំទាស់លើវិធានការនេះ ដោយមានការបោះឆ្នោតជំទាស់ពីអ៊ីស្រាអែល និងអ៊ូហ្គង់ដា។ ថ្វីត្បិតតែសេចក្តីសម្រេចនេះមានលក្ខណៈជាកាតព្វកិច្ចក៏ដោយ ប៉ុន្តែជាក់ស្តែងតុលាការ ICJ ខ្វះអំណាចអនុវត្ត ហើយអ៊ីស្រាអែលធ្លាប់បានចង្អុលបង្ហាញថា ខ្លួននឹងបន្តយុទ្ធនាការយោធារបស់ខ្លួន គ្មានអ្វីអាចមករារាំងបានទេ។

គួរជម្រាបថា សេចក្តីសម្រេចនេះកើតឡើង ចំពេលដែលអ៊ីស្រាអែលកំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិ និងក្នុងស្រុកកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ នៅសប្តាហ៍នេះ រដ្ឋអាជ្ញានៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលជាតុលាការអន្តរជាតិដាច់ដោយឡែកមួយទៀតនៅទីក្រុងឡាអេ​សម្រាប់កាត់ទោសបុគ្គល បានស្វែងរកដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស់ ក៏ដូចជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕