(ព័រម៉ូរេសប៊ី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្សជាង៣០០នាក់ និងលំនៅដ្ឋានជាង១,១០០ខ្នង ត្រូវបានកប់ក្រោមគ្រោះបំណាក់ដីយ៉ាងធំមួយ នៅភាគខាងជើងប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។

មនុស្សរាប់រយនាក់ ត្រូវគេភ័យព្រួយថា បានបាត់បង់ជីវិត គ្រោះបំណាក់ដីខាងលើ ដែលបានវាយប្រហារចំភូមិ Kaokalam ក្នុងខេត្ត Enga ចម្ងាយប្រហែល៦០០គីឡូម៉ែត្រ ពីភាគពាយព្យនៃរដ្ឋធានីព័រម៉ូរេសប៊ី កាលពីវេលាម៉ោង៣រំលងអាធ្រាត្រ ថ្ងៃសុក្រសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Papua New Guinea Post Courier ដោយផ្អែកលើសម្តីរបស់សមាជិកសភាម្នាក់ បានរាយការណ៍ថា បំណាក់ដីនោះ បានកប់មនុស្សប្រមាណជាង៣០០នាក់ និងផ្ទះចំនួន១,១៨២ខ្នង។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC បានរាយការណ៍ថា សាកសពមនុស្ស៤នាក់ ត្រូវគេទាញយកបាន នៅតំបន់រងគ្រោះ។ គ្រោះបំណាក់ដី បានរារាំងការធ្វើដំណើរចូលទៅកាន់តំបន់រងគ្រោះ តាមផ្លូវហាយវេ ដោយមានតែឧទ្ធម្ភាគចក្រប៉ុណ្ណោះ ទើបអាច​ទៅដល់។ នាយករដ្ឋមន្រ្តីប៉ាពូអាស៉ីនូវែលហ្គីណេ លោក James Marape បាននិយាយថា ក្រុមមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងការពារជាតិ ព្រមទាំងអាជ្ញាធរផ្នែកសាធារណការនិងផ្លូវហាយវេ កំពុងតែសហការគ្នាក្នុងកិច្ចប្រឹងប្រែងជួយសង្រ្គោះ៕