(ប៉េកាំង)៖ ប៉ុន្មានថ្ងៃមុននេះ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិនបានឃោសនាយ៉ាងគឃ្លើន នូវពាក្យសម្តីស្តីពីការ "ចង់ឱ្យតៃវ៉ាន់ឯករាជ្យ " ដែលទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួនជិត ៩០%បានគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនមួយ និងប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពអបគមន៍ដែលចង់ឱ្យ"តៃវ៉ាន់ឯករាជ្យ"។

នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោកជិត៨៦,៥៣% បាននិយាយថា មិនថាស្ថានការណ៍នយោបាយ នៅកោះតៃវ៉ាន់មានការប្រែប្រួលយ៉ាងណានោះទេ វាមិនអាចផ្លាស់ប្តូរការពិតនៃប្រវត្តិសាស្ត្រនិងភស្តុតាងខាងផ្លូវច្បាប់ដែលថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាទឹកដីរបស់ចិនមួយ ហើយក៏មិនអាចផ្លាស់ប្តូរនិម្មាបនកម្មជាមូលដ្ឋាន ដែលសហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនមួយនោះដែរ។ ចំណែកអ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,២១% បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសុន្ទរកថា ដ៏គ្រោះថ្នាក់របស់មេដឹកនាំតំបន់តៃវ៉ាន់ ដោយចង្អុលបង្ហាញថា អនាគតរបស់តៃវ៉ាន់ ត្រូវសម្រេចដោយប្រជាជនចិនជាង ១,៤ ពាន់លាននាក់ ក្នុងនោះក៏បូករួមទាំងជនរួមជាតិតៃវ៉ាន់ផងដែរ។

អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៧៨% កត់សម្គាល់ថា សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់មានសារៈសំខាន់ណាស់ចំពោះសន្តិសុខ និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទៀតផង។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៩,១២% សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះអាជ្ញាធរតៃវ៉ាន់ដែលទិញអាវុធ ពីសហរដ្ឋអាមេរិក ដោយយល់ឃើញថា ការធ្វើបែបនេះនឹងរុញច្រានកោះតៃវ៉ាន់ ឱ្យធ្លាក់ចូលក្នុងរណ្តៅគ្រោះថ្នាក់ ដែលនឹងនាំមកនូវមហន្តរាយដ៏ធ្ងន់ធ្ងរ ដល់ជនរួមជាតិតៃវ៉ាន់។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,២៥% បានអំពាវនាវឱ្យអាជ្ញាធរតៃវ៉ាន់បញ្ឈប់ការបង្កហេតុភ្លាមៗ ហើយត្រឡប់ទៅរក ចរន្តអភិវឌ្ឍន៍សំខាន់វិញ ពោលគឺ “ត្រូវការសន្តិភាពតែមិនមែនសង្គ្រាម ត្រូវការការអភិវឌ្ឍតែមិនមែនការដើរថយក្រោយ ត្រូវការការផ្លាស់ប្តូរគ្នា តែមិនមែនការបំបែកបំបាក់ និងត្រូវការកិច្ចសហប្រតិបត្តិការ តែមិនមែនការប្រឈមមុខដាក់គ្នា”។

សូមបញ្ជាក់ថា ការស្ទង់មតិនេះ បានប្រកាសតាមវេបសាយជាភាសាអង់គ្លេស អេស្ប៉ាញ់ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ក្នុងរយៈពេល ២៤ ម៉ោង អ្នកប្រើប្រាស់អ៊ីនធឺណិតសរុបចំនួន ១១៦៤៥ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិយោបល់របស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន